ខេត្តតាកែវ៖ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ លោក កែ ប៊ុនខៀង និងលោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកស្រី គា សុភូ អភិបាលរង តំណាងលោក វី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ដោយមានការអញ្ជើញជាកិត្តិយសក្នុងប្រារព្ធពិធីទិវាអប់រំកាយថ្នាក់ជាតិលើកទី៥ នៅខេត្តតាកែវ។

លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត បានបញ្ជាក់ថា ថ្ងៃនេះគឺជាទិវាមួយដ៏មហោឡារិក ដែលនាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត ទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំទិវាអប់រំកាយថ្នាក់ជាតិលើកទី៥ នៅលើទឹកដីនៃខេត្តតាកែវ ក្រោមប្រធានបទ “អប់រំកាយជាមូលដ្ឋានគ្រឹះនៃការហាត់កីឡា” ឆ្ពោះទៅជំរុញឲ្យយុវជនម្នាកលេងកីឡាមួយប្រភេទប្រចាំជីវិត។

ទិវានេះផ្ដោតទៅលើកុមារដែលកំពុងសិក្សានៅគ្រឹះស្ថានបឋមសិក្សាដោយកំណត់អាយុ កុមារា កុមារី ពី៦ឆ្នាំ ដល់១២ឆ្នាំ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ យកសាលាបឋមសិក្សាចំនួន៣ នៅខេត្តតាកែវសរុបសិស្សានុសិស្សចំនួន៥៤០នាក់ ស្រី២៧០នាក់ និងលោកគ្រូ អ្នកគ្រូសរុបចំនួន៧៥នាក់ ដោយមានការកំណត់យកពណ៌ទៅតាមសាលានីមួយៗ គឺសាលាបឋមសិក្សាត្រាំ(ពណ៌ក្រហម) សាលាបឋមសិក្សាហ៊ុន សែន អនុវត្តន៍តាកែវ(ពណ៌ខៀវ)សាលាបឋមសិក្សាត្រសក់ផ្អែម (ពណ៌បៃតង) វិញ្ញាសា ឬល្បែងអប់រំកាយដែលកុមារត្រូវលេង។

លោក កែ ប៊ុនខៀង បានមានប្រសាសន៍ថា ការទិវានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដ៏សំខាន់ក្នុងការលើកកម្ពស់សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់សិស្សានុសិស្សក៏ដូចជាពលរដ្ឋកម្ពុជាទាំងអស់។ ការអប់រំកាយមិន ត្រឹមតែជួយឱ្យយើងមានរាងកាយខ្លាំងក្លា និងសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋាន សំខាន់ក្នុងការអភិវឌ្ឍស្មារតី និងភាពសប្បាយរីករាយរួមគ្នាក្នុងសង្គមផងដែរ។ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមអំពាវនាវដល់មន្ត្រីថ្នាក់ដឹកនាំក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំងអស់ សូមចូលរួមអនុវត្តក្របខណ្ឌកម្មវិធីសិក្សា ចំណេះទូទៅ និងអប់រំបច្ចេកទេសថ្នាក់ជាតិឲ្យបានពេញលេញ២ម៉ោងក្នុងមួយសប្ដាហ៍ និងបំផុសចលនាកីឡាក្រៅម៉ោងសិក្សាឱ្យបានទូលំទូលាយ។

លោករដ្ឋលេខាធិការក្រសួងអប់រំបានបន្តថា ជាពិសេស សូមបន្តគាំទ្រ និងចូលរួមក្នុងសកម្មភាពអប់រំកាយ និងកីឡា ដើម្បីសម្រេចបាននូវគោលដៅនៃជាតិមានសុខភាពល្អ សហការល្អ និងអភិវឌ្ឍន៍ចីរភាព។ សកម្មភាពអប់រំកាយ និងកីឡានៅក្នុងសាលារៀន ការរៀបចំទិវាអប់រំកាយតាមរាជធានី ខេត្ត ស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានជារៀងរាល់ឆ្នាំដើម្បីបំផុសសកម្មភាពអប់រំកាយក្នុងម៉ោងសិក្សា ដែលធ្វើឱ្យស្សានុសិស្សមានភាពសប្បាយរីករាយ បង្កើននូវកម្លាំងពលំ ភាពរហ័សរហួនទាំងផ្លូវកាយ ចិត្ត និងបញ្ញាស្មារតី ភាពវៃឆ្លាតក្នុងការសិក្សា រួមចំណែកលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់អាជ្ញាធរដែនដែនដីគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាល ខេត្តដែលបានចូលរួមសហការយ៉ាងល្អ ជាពិសេស មន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ សាលាគរុកោសល្យ និងវិក្រឹតការខេត្ត សាលាបឋមសិក្សាទាំង៣ ក្នុងការរៀបចំទិវាដ៏មានសារសំខាន់ទទួលបានលទ្ធផលល្អប្រសើរ និងសូមអរគុណចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាដែលបានចូលរួមក្នុងពិធីនេះ៕
ដោយ៖ លី ភីលីព
