កីឡា

ក្រុមកីឡាសាកលវិទ្យាល័យរបស់កម្ពុជា ឈ្នះមេដាយសំរិទ្ធក្នុងការប្រកួតកីឡាបាល់ទាត់ THACO CUP 2025 នៅវៀតណាម

ភ្នំពេញ៖ ក្រុមកីឡាសាកលវិទ្យាល័យកម្ពុជា តំណាងដោយក្រុមកីឡាបាល់ទាត់សាកលវិទ្យាល័យឡាយហ្វ បានត្រឡប់មកដល់មាតុភូមិវិញ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យ ដោយយើងជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធ ក្នុងការប្រកួត” INTERNATIONAL STUDENT FOOTBALL TOURNAMENT- THACO CUP 2025 ” ចាប់ពីថ្ងៃទី២០ ដល់៣០ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈកីឡាករកម្ពុជាមួយរូបបានក្លាយជាកីឡាករដែលស៊ុតចូលទីច្រើនជាងគេ “Top Scorer” ។

នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា និងលោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកី ឡាបានទទួលស្វាគមន៍យ៉ាងក្តៅក្រុមគណៈប្រតិភូ គ្រូបង្វឹក និងកីឡាករក្រុមកីឡាសាកលវិទ្យាល័យឡាហ្វរបស់ប្រទេសកម្ពុជានៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ។

លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងប្រធានគណៈប្រតិភូកម្ពុជាបានមានប្រសាសន៍ថា ការប្រកួតខាងលើកនេះមាន ៤ ប្រទេសចូលរួមដូចជាម្ចាស់ផ្ទះសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រទេសឡាវ ប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ចំណែកម្ចាស់ផ្ទះវៀតណាមមាន ២ ក្រុម។ ក្រុមកីឡាសាកលវិទ្យាល័យកម្ពុជាតំណាងដោយក្រុមកីឡាបាល់ទាត់សាកលវិទ្យាល័យឡាយហ្វនៅខេត្តព្រះសីហនុ ជាក្រុមម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតសកលវិទ្យាល័យថ្នាក់ជាតិឆ្នាំ២០២៤។

ម្ចាស់មេដាយមាស បានទៅលើក្រុមកីឡាសាកលវិទ្យាល័យវៀតណាមទី២ មេដាយប្រាក់ បានទៅលើក្រុមកីឡាសាកលវិទ្យាល័យឡាវ និងមេដាយសំរឹទ្ធបានទៅលើក្រុមកីឡាសាកលវិទ្យាល័យឡាហ្វរបស់កម្ពុជាយើង ក្រោយពីយកឈ្នះលើក្រុមកីឡាសាកលវិទ្យាល័យម៉ាឡេស៊ីក្នុងលទ្ធផលបច្ចេកទេស ៤ ទល់នឹង ២ នៅវគ្គផ្តាច់ព្រ័ត្រ។

លោក ព្រំ ប៊ុណ្ណយី បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជានឹងជ្រើសរើសក្រុមកីឡាបាល់ទាត់សាកលវិទ្យាល័យម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតសកលវិទ្យាល័យថ្នាក់ជាតិបញ្ជូនឲ្យទៅចូលរួមការប្រកួតកីឡាបាល់ទាត់សាកលវិទ្យាល័យកម្រិតអន្តរជាតិ ហើយក៏ផ្តល់ឱកាសកីឡាបាល់ទាត់សាកលវិទ្យាល័យលើស្លាកឈ្មោះក្រុមកីឡាបាល់ទាត់សាកលវិទ្យាល័យនោះ ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទាត់សាកលវិទ្យាល័យតំណាងឲ្យកម្ពុជា៕

ដោយ៖ លី ភីលីព

Most Popular

To Top