កីឡា

ក្លិបកីឡាចំបាប់ ព្រះធាតុ ខេត្តពោធិ៍សាត់ គ្រងជើងឯក ខណៈក្លិបកីឡាចំបាប់ CamED ចំណាត់ថ្នាក់លេខ៣ នៃការប្រកួតកីឡាបាប់យុវជនថ្នាលថ្នាក់ជាតិ ឆ្នាំ២០២៥

ភ្នំពេញ៖ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាតំណាងឲ្យលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាបាប់យុវជនថ្នាលថ្នាក់ជាតិ ឆ្នាំ២០២៥ នៅសាលដំបូលទូក ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ការប្រកួតនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីដកស្រង់កម្រិត សមត្ថភាពរបស់កីឡាករ-កីឡាការិនីនៅតាមបណ្តាក្លិនសមាគម រាជធានីខេត្តដែលជាដៃគូ ក្រោមការឧបត្ថម្ភលោក ខេស៊ី បាណេត ជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា។

សម្រាប់ការប្រកួតខាងលើកនេះ ក្លិបកីឡាចំបាប់ ព្រះធាតុ ខេត្តពោធិ៍សាត់ ដណ្តើមបានមេដាយមាស ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿងគ្រងតំណែងជើងឯកប្រចាំឆ្នាំ២០២៥ ក្លិបកីឡាចំបាប់ គីរី ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង ក្លិបកីឡាចំបាប់ CamED ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង និងក្លិបកីឡាចំបាប់ ឃ្លាំងមឿង ខេត្តពោធិ៍សាត់ ដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង។

ក្លិបកីឡាចំបាប់ យូដូ ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង ក្លិបកីឡាចំបាប់ បារមីមេទ័ពម៉ឺនឯកវិហារសួគ៌ ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង ក្លិបកីឡាចំបាប់ យាយព្រីងមានរិទ្ធី ដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង និងក្លិបកីឡាចំបាប់ Project Aokas ដណ្តើមបានមេដាយមាស ១ គ្រឿង។

អ្នកគ្រូ ចូវ សុធារ៉ា បាននិយាយថា ការប្រកួតកីឡាបាប់យុវជនថ្នាលថ្នាក់ជាតិឆ្នាំ ២០២៥ មានកីឡាករ-កីឡាការិនីចូលរួមចំនួនសរុប ១៩៥ នាក់ ក្នុងនោះមានកីឡាការិនី ៥៣ នាក់ កីឡាករ ១០៨ នាក់ គ្រូបង្វឹក គ្រូជំនួយ និងគណ:កម្មការ ៣៤នាក់ ក្រោមការឧត្ថម្ភគាំទ្រទាំងស្រុកពីលោក ខេស៊ី បាណេត ជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ។

ការប្រកួតយុវជនឆ្នាំនេះមានកីឡាករ-កីឡាការិនី ចូលរួមចាប់ពីអាយុ ៨ ឆ្នាំទៅ ១០ ឆ្នាំ អាយុ ១០ ឆ្នាំទៅ ១២ ឆ្នាំ អាយុ ១២ ឆ្នាំទៅ ១៤ ឆ្នាំ និងអាយុ ១៥ ឆ្នាំទៅ ១៧ ឆ្នាំ ក្នុងគោលបំណងស្វែង រកកីឡាករ-កីឡាការិនី វ័យក្មេងសម្រាប់ត្រៀមខ្លួនចូលរួមការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩។

ការរៀបចំប្រកួតក្នុងគោលបំណង ត្រៀមលក្ខណៈចូលជាកីឡាករ-កីឡាការិនីជម្រើសជាតិ និងធ្វើការផ្សព្វផ្សាយ ដើម្បីអភិវឌ្ឍន៍កីឡារចំបាប់កម្ពុជាឲ្យដូចបណ្តាលប្រទេសនានា បង្កើតឱកាសឲ្យយុវវ័យបង្ហាញនូវសមត្ថភាពអន្តរជាតិពិតប្រាកដ និងជំរុញលើកទឹកចិត្តឲ្យយុវវ័យចេះហ្វឹកហាត់កីឡាជាសុខភាព និងជំនាញ។ ការប្រកួតនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងប្រកបដោយភាពស្រស់ស្អាត សប្បាយរីករាយ មិត្តភាព និងសុវត្ថិភាព ព្រមទាំងមានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋជាច្រើន៕

ដោយ៖ លី ភីលីព

Most Popular

To Top