ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស ប្រធានគណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេស ចរណ៍សៀមរាប-អង្គរ និងប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានអញ្ជើញជាអធិបតី ក្នុងពិធីសូត្រ មន្តចម្រើនព្រះបរិត្ត សិរីសួស្តី ជ័យមង្គល ប្រោះព្រំដល់គ្រួសារ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅសាលប្រជុំគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC)
ពិធីដ៏មហោឡារិកនេះ បានប្រារព្ធឡើងទៅ តាមគន្លងទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការចូល រួមពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកបេសកកម្មពិសេស នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាលោក មន្ត្រីក្រោមឱវាទគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងចាស់ព្រឹទ្ធាចារ្យជាច្រើនរូប។

ក្នុងឱកាសនេះ លោក ថោង ខុន ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះភិក្ខុសង្ឃគ្រប់អង្គ ដើម្បីជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តី សុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះមហាគ្រួសារ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC)ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជានិច្ចនិរន្តរ៍តរៀងទៅ ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ និងបាននិមន្តព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ។

ពិធីតាមបែបសាសនានេះប្រារព្ធឡើង ជាការជូនដំណើរឆ្នាំចាស់ និងទទួលអំណរ ឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ជាពិសេសការត្រៀមទទួលស្វាគមន៍ទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី ជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ៤:៤៨ នាទីទាបភ្លឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕





