ភ្នំពេញ៖ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នេះ លោក ហេង សុឃន ប្រធានសហព័ន្ធកីឡា ឃីកបុកស៊ីងកម្ពុជា និងប្រធានគណៈប្រតិភូ បានដឹកនាំក្រុមកីឡាករ -កីឡាការិនីឃីកបុកស៊ីងកម្ពុជា ចំនួន ១៣ នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាឃីកបុកស៊ីងកម្រិតពិភពលោក “Kick Boxing World CUP 2025” នៅទីក្រុងបាងកក ប្រទេសថៃ ។

លោក ហេង សុឃន បានមានប្រសាសន៍ថា ថ្ងៃនេះសហព័ន្ធបានបញ្ជូន ក្រុមកីឡាករ-កីឡាការិនីឃីកបុកស៊ីងកម្ពុជាចំនួន ១៣ នាក់ ចូលរួមព្រឹត្តិការណ៍ការប្រកួត កីឡាឃីកបុកស៊ីងកម្រិតពិភពលោក “Kick Boxing World CUP 2025” នៅទីក្រុងបាងកក ប្រទេសថៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ លើ៣ ប្រភេទវិញ្ញាសា ។
ការប្រកួតនេះជាការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2025 លើកទី៣៣ នៅប្រទេសថៃខាងមុខនេះ ហើយក៏ជាធ្វើតេស្ត និងវ៉ាស់ស្ទង់សមត្ថភាពក្រុមកីឡាករ-កីឡាការិនីឃីកបុកស៊ីងកម្ពុជា។

លោកប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាបានបន្តថា ការវ៉ាស់ស្ទង់សមត្ថភាពនេះមានសារសំខាន់ណាស់ចំពោះកីឡាករ-កីឡាការិនីឃីកបុកស៊ីងកម្ពុជា ដើម្បីដឹងអំពីកម្រិតអត្តពលិករបស់យើង និងក្រុមអត្តពលិកប្រទេសផ្សេងៗទៀត នោះយើងអាចបំពេញនូវចំណុចខ្វះខាត។
កម្ពុជាចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា Kick Boxing World CUP ជាលើកទី១ ហើយក៏មានប្រទេសចូលរួមមានរហូតដល់ ៥២ ប្រទេសឯណោះ ក្នុងនោះក្រុមកីឡាករ-កីឡាការិនីឃីកបុកស៊ីងជាង ១០០០នាក់រួមទំាងកម្ពុជា១៣នាក់ដែរ៕



