ភ្នំពេញ៖ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ លោក ម៉ិល កាដូ ប្រធានស្តីទី សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានគូសបញ្ជាក់ថា វគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ ត្រូវបានធ្វើឡើងស្របតាមផែនការរបស់សហព័ន្ធ ដើម្បីលើកកម្ពស់ដល់គុណភាពសមត្ថភាពមន្ត្រីបច្ចេកទេស បម្រើដល់ការប្រកួតកីឡាប្រដាល់គុនខ្មែរនានា។

ប្រធានស្តីទីរូបនេះបន្ថែមថា វគ្គបំប៉នសមត្ថភាពនេះ ត្រូវបានរៀបចំឡើង ក្រោមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពន្លឿនផែនការអភិវឌ្ឍប្រចាំឆ្នាំដល់សហព័ន្ធកីឡាជាតិ។ បច្ចុប្បន្ន សកម្មភាពប្រភេទកីឡាប្រដាល់គុនខ្មែរកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយតាមរយៈវគ្គបំប៉ននេះនឹងជំរុញបន្ថែមដល់ដំណើរការអភិវឌ្ឍជំនាញកីឡាប្រពៃណីជាតិខ្មែរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរតែងតែខិតខំសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីបំពេញចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋជាអ្នកគាំទ្រ

លោក ម៉ិល កាដូ ក៏បានលើកបង្ហាញពីបញ្ហាប្រឈមមួយចំនួនដែរ បើទោះបីជាការរៀបចំការប្រកួតនានា មានការលំបាកក្តី ក៏យើងខិតខំធ្វើកិច្ចសហការជំរុញឱ្យវិស័យកីឡាប្រដាល់គុនខ្មែរកាន់តែដើរទៅមុខទាំងថ្នាក់ជាតិ និងអន្តរជាតិ។ អ្វីដែលកាន់តែលំបាកទៅទៀត គឺការគ្រប់គ្រងការប្រកួត ការងារបច្ចេកទេស ប៉ុន្តែយើងទាំងអស់គ្នាមានមោទនភាព នៅពេលដែលយើងទាំងអស់គ្នាបានបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ យ៉ាងណា ការប្រកួតមានលក្ខណៈល្អប្រសើរច្រើន ខណៈការតវ៉ាចំពោះអាជ្ញាកណ្តាល ចៅក្រមនៅមានចំនួនតិចតួច ដោយទាំងនេះសរបញ្ជាក់អំពីសកម្មភាពអនុវត្តការងារបច្ចេកទេសរបស់មន្ត្រីអាជ្ញាកណ្តាលចៅក្រមមានចំណេះជំនាញច្បាស់លាស់លើប្រភេទកីឡាប្រដាល់គុនខ្មែរនេះ។

ប្រធានស្តីទីបន្ថែមថា អាជ្ញាកណ្តាលចៅក្រមមានចំណេះដឹងច្បាស់លាស់អំពីបទបញ្ជាបច្ចេកទេសបានស៊ីជម្រៅ ហើយឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានដាក់ទិសដៅ និងចង្អុលបង្ហាញថា គ្រប់ការប្រកួតនីមួយៗ សូមគណៈវិនិច្ឆ័យការប្រកួតត្រូវរៀបចំកិច្ចប្រជុំ មុនពេលប្រកួត និងក្រោយបញ្ចប់ការប្រកួត ដើម្បីវាយតម្លៃអំពីការប្រកួតនីមួយៗនោះថា រាល់ការប្រកួតទាំងនោះបានដំណើរការដោយយុត្តិធម៌ ឬមានការតវ៉ាអ្វីកើតឡើងឬទេ។

លោកប្រធានស្តីទីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគណៈគ្រប់គ្រង អាជ្ញាកណ្តាល ចៅក្រម ដែលខិតខំបំពេញការងារបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ នាពេលកន្លងមក ដែលធ្វើឱ្យកិត្តិយស កិត្តិសព្ទរបស់វិស័យកីឡាប្រដាល់គុនខ្មែរកាន់តែល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ ស្របពេលគ្នានេះ ប្រតិភូកីឡាប្រដាល់គុនខ្មែរ ក្រោមការដឹកនាំរបស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធ កំពុងស្ថិតនៅទឹកដីសហរដ្ឋអាមេរិក ដើម្បីត្រៀមការប្រកួត និងផ្សព្វផ្សាយប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់។ កន្លងមក កីឡាប្រដាល់គុនខ្មែរធ្លាប់ចេញទៅប្រកួតផ្សព្វផ្សាយជាច្រើនលើក នៅតំបន់អឺរ៉ុបផងដែរ។

គួរបញ្ជាក់ថា វគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរត្រូវបានរៀបចំឡើងរយៈពេល៥ថ្ងៃពីថ្ងៃទី០៧-១១ ខែមេសា ឆ្នាំ២០២៥ នៅសាលមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រោមការចែករំលែកពីគ្រូឧទ្ទេសចំនួន៣រូប រួមមាន៖ ឯកឧត្តម ម៉ិល កាដូ, លោក ទុយ ប៊ុនហឿន និងលោក អ៊ិន ខេមរិន៕

