កីឡា

លោក តែម ម៉ឺន អញ្ជើញចូលរួមបិទវគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យ គ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរជាផ្លូវការ

ភ្នំពេញ៖ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ (ស្អាតចាស់) ។

ក្នុងពិធីបិទនេះដោយមានវត្តមានចូលរួមពីសំណាក់ លោក ប៉ែន វទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន លោក ម៉ិល កាដូ ប្រធានស្តីទីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងលោក អនុប្រធានសហព័ន្ធ សមាជិកគណៈកម្មការប្រតិបត្តិសហព័ន្ធ អគ្គលេខាធិការ អគ្គលេខាធិការរង ព្រមទាំងមន្រ្តីលេខាធិការដ្ឋាន និងសិក្ខាកាមចូលរួមចំពោះ ៣០ ស្រី ១នាក់អញ្ជើញមកពីតាមក្រុមទាំង៦បាននឹងកំពុងចូលរួមដឹកនាំការប្រកួតនៅតាម ស្ថានីយ៍ទូរទស្សន៍ និងតាមខេត្តដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំជារៀងរាល់សប្តាហ៍ ក៏ដូចជាព្រឹត្តិការណ៍ធំៗ ជាតិ និងអន្តរជាតិ។

លោក តែម ម៉ឺន បានមានប្រសាសន៍ថា វគ្គបំប៉នសមត្ថភាពនេះ ត្រូវបានរៀបចំឡើង ក្រោមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការពន្លឿនផែនការអភិវឌ្ឍប្រចាំឆ្នាំដល់សហព័ន្ធកីឡាជាតិ។ បច្ចុប្បន្ននេះសកម្មភាពប្រភេទកីឡាប្រដាល់គុនខ្មែរកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយតាមរយៈវគ្គបំប៉ននេះនឹងជំរុញបន្ថែមដល់ដំណើរការអភិវឌ្ឍជំនាញកីឡាប្រពៃណីជាតិខ្មែរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របពេលសហព័ន្ធកីឡាប្រដាល់គុនខ្មែរតែងតខិតខំសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីបំពេញចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋជាអ្នកគាំទ្រ។

លោកអនុរដ្ឋលេខាធិការក្រសួងការពារជាតិបានបន្តថា លោកជំរុញឲ្យវិស័យកីឡាប្រដាល់គុនខ្មែរកាន់តែដើរទៅមុខទាំងថ្នាក់ជាតិ និងអន្តរជាតិ ។ ការគ្រប់គ្រងការប្រកួត ការងារបច្ចេកទេស ប៉ុន្តែយើងទាំងអស់គ្នាមានមោទនភាព នៅពេល យើងទាំងអស់គ្នាបានបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ យ៉ាងណា ការប្រកួតមានលក្ខណៈល្អប្រសើរច្រើន ខណៈការតវ៉ាចំពោះអាជ្ញាកណ្តាល ចៅក្រមនៅមានចំនួនតិចតួច ដោយទាំងនេះសរបញ្ជាក់អំពីសកម្មភាពអនុវត្តការងារបច្ចេកទេសរបស់មន្ត្រីអាជ្ញាកណ្តាលចៅក្រមមានចំណេះជំនាញច្បាស់លាស់លើប្រភេទកីឡាប្រដាល់គុនខ្មែរនេះ។

ប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបញ្ជាក់ថា អាជ្ញាកណ្តាលចៅក្រមមានចំណេះដឹងច្បាស់លាស់អំពីបទបញ្ជាបច្ចេកទេសបានស៊ីជម្រៅ ហើយលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានដាក់ទិសដៅ និងចង្អុលបង្ហាញថា គ្រប់ការប្រកួតនីមួយៗ សូមគណៈវិនិច្ឆ័យការប្រកួតត្រូវរៀបចំកិច្ចប្រជុំ មុនពេលប្រកួត និងក្រោយបញ្ចប់ការប្រកួត ដើម្បីវាយតម្លៃអំពីការប្រកួតនីមួយៗនោះថា រាល់ការប្រកួតទាំងនោះបានដំណើរការដោយយុត្តិធម៌ ឬមានការតវ៉ាអ្វីកើតឡើងឬទេ៕

ដោយ៖ លី ភីលីព

Most Popular

To Top