កីឡា

ក្រុមអត្តពលិក​ ជម្រើសជាតិកីឡាយូដូកម្ពុជា និងគ្រូបង្វឹក ចូលរួមការប្រកួតកីឡា Asian Judo Championships 2025 នៅថៃ

ភ្នំពេញ ៖ ខេមរសហព័ន្ធកីឡាយូដូនឹងបញ្ជូន ក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនីយូដូកម្ពុជា ៤ នាក់ ដែលជាក្រុមកីឡាយូដូ ជម្រើសជាតិកម្ពុជា ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាយូដូ ជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៥ “Asian Judo Cham pionships 2025” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Bangkok ប្រទេសថៃ ដើម្បីបង្កើនសមត្ថភាព និងបច្ចេកទេសរបស់ពួកគេ ត្រៀមការប្រកួតកីឡា SEA GAME 2025 នៅប្រទេសថៃ ។

លោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹកជម្រើសជាតិបានប្រាប់ឲ្យដឹងថា នាពេលក្រុមគ្រូបង្វឹក កីឡាករ-កីឡាការិនីយូដូចំនួន ៤នាក់ ក្នុងនោះគ្រូបង្វឹក ១ នាក់ កីឡាករ ២ នាក់ និងកីឡាការិនី ១ នាក់ យើងនឹងចេញដំណើរចូលរួមការប្រកួត “Asian Judo Championships 2025” នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ចំណែកការប្រកួតប្រព្រឹត្តិចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ។

លោកគ្រូបង្វឹកជម្រើសជាតិ បានបន្តថា ការប្រកួតនៅប្រទេសថៃលើកនេះ មានសារសំខាន់សម្រាប់ក្រុមកីឡាយូដូជម្រើសជាតិកម្ពុជា គឺដើម្បីបង្កើនសមត្ថភាព បច្ចេកទេស និងគុណផលកីឡាត្រៀមចូលរួមប្រកួតកីឡា SEA GAME 2025 លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសនេះដែរ និងការប្រកួតកីឡាលក្ខណៈអន្តរជាតិនានា ។

លោក ម៉ារ វង្សវិបុល បានបន្ថែមថា ខេមរសហព័ន្ធយូដូបានបញ្ជូនគ្រូបង្វឹក កីឡាករ-កីឡាការិនីយូដូចំនួន ៤ នាក់ រួមមានលោក ម៉ារ វង្សវិបុល គ្រូបង្វឹកជម្រើសជាតិ កីឡាករ ចន្ថា សំណាង កីឡាការិនី កែវ វ៉ាន់ខឿន និងកីឡាការិនី គុណ ស្រីនិច ។ កីឡាករ ចន្ថា សំណាង ប្រកួតប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម កីឡាការិនី កែវ វ៉ាន់ខឿន ប្រកួតប្រភេទទម្ងន់ក្រោម ៤៨ គីឡូក្រាម និងកីឡាការិនី គុណ ស្រីនិច ប្រកួតប្រភេទទម្ងន់ក្រោម ៥២ គីឡូក្រាម។

បញ្ជាក់ថា លោក ម៉ារ វង្សវិបុល គ្រូបង្វឹកកីឡាយូដូ ចូលរួមកម្មវិធី The IF 2025 New Rules Seminar ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូណេស៊ី ដើម្បីអភិវឌ្ឍសមត្ថភាពក្នុងការរៀបចំ និងដឹកនាំការប្រកួតស្របតាមលក្ខណៈបច្ចេកទេសកម្រិតអន្តរជាតិ៕

Most Popular

To Top