កីឡា

សហព័ន្ធកីឡាវូស៊ូកម្ពុជា រៀបចំការសម្តែង ថៃជិឈាន ក្នុងឱកាសកម្មវិធីទិវាថៃជិឈាន “Taijiquan day” នៅពហុកីឡដ្ឋានជាតិ

ភ្នំពេញ ៖ សហព័ន្ធកីឡាវូស៊ូកម្ពុជានាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នេះបានរៀបចំការសម្តែង ថៃជិឈាន ក្នុងឱកាសកម្មវិធីទិវាថៃជិឈាន “Taijiquan day” នៅពហុកីឡដ្ឋានជាតិ ដើម្បីផ្សព្វផ្សាយប្រភេទកីឡាថៃជិឈាន របស់សហព័ន្ធ ស្របពេលដែលសហព័ន្ធកីឡាវូស៊ូ អាស៊ីរៀបចំព្រឹត្តិការណ៍ ក្នុងឱកាស បើកកម្មវិធីទិវាថៃជិឈាន “Taijiquan day” ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ែន ម៉ាលីន អនុប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវូស៊ូកម្ពុជា និងកីឡាករ-កីឡាការិនីវូស៊ូ ។

លោក ម៉ែន ម៉ាលីន បានមានប្រសាសន៍ថា ការសម្តែងវិញ្ញាសា ថៃជិឈាន រួមគ្នាជាក្រុមនេះ គឺចង់បង្ហាញថាមពលរបស់មេរៀនថៃជិក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ដែលជួយដល់សុខភាពរបស់មនុស្សទូទៅ និងអាចហាត់បានគ្រប់វ័យទាំងអស់ មាន វ័យកុមារ ពេញវ័យ និងវ័យចាស់ ទាំងប្រុស ទាំងស្រី ។ ថៃជិឈាន បង្ហាញពីភាពទន់ភ្លន់ និងភាពអំណត់ ប្រកបដោយថាមពល និងមានប្រភពដើមមកពី ប្រទេសចិន ហើយមានការហ្វឹកហាត់ ក្នុងប្រទេសកម្ពុជា យើងជាច្រើនឆ្នាំមកហើយដែរ ។ ការហ្វឹកហាត់នេះមាន នៅតាមក្លិបមួយចំនួន ដូចជាក្លិបអូឡាំពិក ដែលមានទីតាំងក្នុងពហុកីឡដ្ឋានជាតិ ក្លិបមុខវាំង មានទីតាំងនៅសួន ច្បារជួរមាត់ទន្លេជិតផ្សារចាស់ ក្លិបវិទ្យាល័យបាក់ទូក ក្លិបវិមានឯករាជ្យ ក្លិបអូឡាំព្យា មានទីតាំងក្នុងផ្សារទំនើប អូឡាំព្យា ក្លិបសាលា ទួនហ្វា សមាគមកីឡាវ៉ូស៊ូក្រសួងមហាផ្ទៃ សមាគមកីឡាវ៉ូស៊ូសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាក្រុងតាខ្មៅ ក្លិបសុភមង្គល ក្លិបមានជ័យ ក្លិបកូននាគ និងសមាគម ក្លិបជាច្រើនទៀត ក្នុងសហព័ន្ធកីឡាវ៉ូស៊ូ កម្ពុជា ។

លោក អនុប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជាបានបន្តថា វិញ្ញាសាថៃជិឈាន ថៃជិជៀន ថៃជិសាន ហ្វឹកហាត់ដើម្បីសុខភាព ហើយក៍ហាត់ដើម្បីប្រកួតបានដែរ ដូចជាការប្រកួតក្នុងប្រទេស និងការប្រកួតជាលក្ខណៈអន្តរជាតិនានា ធ្លាប់ទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធិ និងពានរង្វាន់ផ្សេង ៗទៀតជាច្រើន។ ជាមួយនឹងភាពជឿនលឿននៃវិទ្យាសាស្ត្រនាពេលអនាគត វិញ្ញាសាថៃជិ រួម ចំណែកជួយដល់សុខភាព ក្រៅពីនេះមានវិញ្ញាសាផ្សេងៗទៀត ដូចជា វិញ្ញាសា ចាងឈាន ណាន់ឈាន តាវស៊ុ គុនស៊ុ ជៀនស៊ុ និងសាន់ដា ( វិញ្ញាសាប្រយុទ្ធ ) ជាទីពេញនិយមរបស់យុវវ័យក្នុងការហ្វឹកហាត់ ដើម្បីចូលរួម ប្រកួតអន្តរជាតិនានា ដណ្ដើមមេដាយជូនប្រទេសជាតិយើង ។

ការសម្តែងវិញ្ញាសា ថៃជិឈានថ្ងៃនេះ ដើម្បីបង្ហាញពីសាមគ្គីភាព និង ថាមពល របស់កីឡាវស៊ូក្នុង ព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមក្នុង ទិវាថៃជិឈាន របស់សហព័ន្ធកីឡាវ៉ូស៊ូអាស៊ី ផងដែរ ។ លោក លោកស្រី បង ប្អូន អាចមកចូលរួមហាត់ហ្វឹកហ្វឺនកីឡាថៃជិឈានក្នុងសមាគម ក្លិបកីឡា វ៉ូស៊ូមួយណាក៍បាន ដោយទំនាក់ទំនងជាមួយគណៈគ្រប់គ្រងសមាគម-ក្លិបនីមួយៗបានគ្រប់ទីកន្លែងដែលជម្រាបជូនខាងលើ ។

លោក ម៉ៅ ច័ន្ថាវុធ អគ្គលេខាធិការ សហព័ន្ធកីឡាវូស៊ូកម្ពុជាបានប្រាប់ឲ្យដឹងថា ការរៀបចំទិវាថៃជិឈាន “Taiji quan day” ធ្វើឡើងផ្សព្វផ្សាយកីឡា ប្រភេទកីឡាថៃជិឈានរបស់សហព័ន្ធ និងចូលរួមចំណែកក្នុងផ្សព្វផ្សាយទៅកាន់សហព័ន្ធកីឡាវូស៊ូអាស៊ីដែរ។ ទិវាថៃជិឈាន “Taijiquan day” នៅពហុកីឡដ្ឋានជាតិ មានកីឡាករ-កីឡាការិនីប្រហែល១០០នាក់ចូលរួម សកម្មភាពការចូលរួមលើកនេះ គឺជាការផ្សព្វផ្សាយ និងជំរុញឲ្យយុវជន លេងប្រភេទកីឡាវូស៊ូ ។

លោកអគ្គលេខាធិការ បានបន្តថា ប្រភេទកីឡាថៃជិឈានជាវិញ្ញាសា មួយក្នុងចំណោមវិញ្ញសាជាច្រើនរបស់កីឡាវូស៊ូ ហើយកីឡាថៃជិឈាននេះ មានសារសំខាន់ណាស់សុខភាពទំាងចាស់ ទាំងក្មេង វាជួយឲ្យពួកគាត់ មានការរស់រវើកទំាងកាយវិការ និងសកម្មភាពនានា។ ជារៀងរាល់ថ្ងៃកីឡាករ-កីឡាការិនី វូស៊ូតែងតែធ្វើហ្វឹកហាត់កីឡាថៃជិឈានក្នុងពហុកីឡដ្ឋានជាតិ សកម្មភាពទំាងនេះហើយ ដែលជាការចូលរួមចំណែកផ្សព្វផ្សាយ របស់ពួកគាត់ដល់យុវជនជំនាន់ក្រោយ៕

Most Popular

To Top