ភ្នំពេញ៖ក្រុមបាល់ទះនារី រួមចិត្តតែមួយមានឱកាស ៩០ ភាគរយគ្រងតំណែងជើងឯកក្នុងការប្រកួតកីឡាមហាជនជ្រើសរើស ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ បន្ទាប់ពីការប្រកួតនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ដោយយកឈ្នះក្រុមកីឡាបាល់ទះនារី នារីសម័យថ្មី ៣សិតទល់នឹង០ ការប្រកួតរៀបចំដោយការិយាល័យ អប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

ក្រុមកីឡាបាល់ទះនារី រួមចិត្តតែមួយ ៣ប្រកួត ឈ្នះទំាង ៣ ប្រកួតមាន ៩ ពិន្ទុ ក្រុមកីឡាបាល់ទះនារី វិទ្យាល័យហ៊ុនសែន តាខ្មៅ ២ ប្រកួត ឈ្នះ១ ចាញ់ ១ មាន ៤ ពិន្ទុ ក្រុមកីឡាបាល់ទះនារី ព្រែកស្លែង ២ ប្រកួត ឈ្នះ១ ចាញ់ ១ មាន ៣ ពិន្ទុ ក្រុមកីឡាបាល់ទះនារី នារីសម័យថ្មី ២ ប្រកួត ឈ្នះ១ ចាញ់១ មាន ២ ពិន្ទុ និងក្រុមកីឡាបាល់ទះនារី ហេបភី ច័ន្ទតារ៉ា ៣ ប្រកួតចាញ់ទំាង៣មាន០ ពិន្ទុ។

ដូច្នេះក្រុមកីឡាបាល់ទះនារី ហេបភី ច័ន្ទតារ៉ា ជាក្រុមមួយក្នុងចំណោមទំាង ៥ ត្រូវធ្លាក់ចេញពីប្រកួតជាផ្លូវការ ទោះបីក្រុមនេះនៅសល់មួយក៏ដោយ។ រីឯក្រុមកីឡាបាល់ទះនារី រួមចិត្តតែមួយ ជាក្រុមបាល់ទះនារីប្រចាំខេត្តកណ្តាលមានឱកាសច្រើនជាងគេក្នុងការគ្រងដំណែងជើងឯកឈ្នះនេះ។

ចំពោះក្រុមកីឡាការិនីមាន ៥ ក្រុមរួមមានក្រុមកីឡាបាល់ទះនារី រួមចិត្តតែមួយ ក្រុមកីឡាបាល់ទះនារី វិទ្យាល័យ ព្រែកស្លែង ក្រុមកីឡាបាល់ទះនារី វិទ្យាល័យហ៊ុនសែន តាខ្មៅ ក្រុមកីឡាបាល់ទះនារី នារីសម័យថ្មី ក្រុមកីឡាបាល់ទះនារី និងក្រុមកីឡាបាល់ទះនារី ហេបភី ច័ន្ទតារ៉ា ។

ចំណែកប្រភេទកីឡាបាល់ទះបុរសមាន ៤ ក្រុមរួមមានប្រភេទកីឡាបាល់ទះបុរស គឺក្រុមកីឡាបាល់ទះ វិទ្យាល័យ ព្រែកស្លែង ក្រុមកីឡាបាល់ទះ វិទ្យាល័យហ៊ុនសែន តាខ្មៅ ក្រុមកីឡាបាល់ទះ យុវជន បក្សីឆ្លងដែន និងក្រុមកីឡាបាល់ទះ នគរបាលខេត្តកណ្តាល ដែលប្រព្រឹត្តទៅនៅទីលានបាល់ទះ នគរបាលខេត្តកណ្តាល៕
ដោយ៖លី ភីលីព
