កីឡា

លោក តែ ឡូរិន នៅតែបន្តដឹកនាំសហព័ន្ធ កីឡាគុនដាវកម្ពុជា អាណត្តិថ្មី ឆ្នាំ២០២៥-២០២៩

ភ្នំពេញ ៖ លោក តែ ឡូរិន នៅតែបន្តដឹកនាំសហព័ន្ធកីឡាគុនដាវកម្ពុជា អាណត្តិទី៦ ឆ្នាំ២០២៥-២០២៩ បន្ទាប់សមាជិក ប្រតិបត្តិអាណត្តិចាស់ និងបណ្តាក្លិបគុនដាវពេញសិទ្ធិជាច្រើន បានបោះឆ្នោតជ្រើសរើសរូប លោកបន្តដឹកនាំសហព័ន្ធ ក្នុងមហាសន្និបាតរបស់សហព័ន្ធកីឡា គុនដាវកម្ពុជា បញ្ចប់អាណត្តិចាស់ទី៥ ឆ្នាំ២០២១-២០២៥ និងបន្តអាណត្តិថ្មី ឆ្នាំ២០២៥-២០២៩ ។

ក្នុងឱកាសមហាសន្និបាត របស់សហព័ន្ធកីឡាគុនដាវកម្ពុជានាថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៥ នេះដោយមានការញ្ជើញចូលរួមពីសំណាក់លោក តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា លោក ព្រុំ ប៉ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា លោក ទុយ ប៉ុនហឿន អនុប្រធាននាយកដ្ឋាកីឡាជំនាញ និងកីឡាមហាជន និង លោក ងិន សុខបញ្ញា តំណាងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ព្រមទាំងអ្នកតំណាងក្លិបក្លិបគុនដាវ ពេញសិទ្ធិជាច្រើនរូបទៀត នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោក សុខ អាង អគ្គលេខាធិការ បានលើឡើងពីផលពិបាក ចំពោះសហព័ន្ធកីឡាគុនដាវកម្ពុជាថា ឯកសណ្ឋាន និងសម្ភារៈសម្រាប់កីឡាករ-កីឡាការិនី មានតម្លៃកើនឡើង ក្រោយសង្គ្រាម នៅអ៊ុយក្រែង បានផ្ទុះឡើង ស្របពេលជាមួយសហព័ន្ធកីឡាគុនដាវ អន្តរជាតិ បានចេញបទបញ្ជាថ្មី ដោយតម្រូវការ ចាំបាច់បំផុត ក្នុងការប្រើប្រាស់សម្ភារៈស្តង់ដារ ។ ក្រោយពេលព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ មន្ត្រី គ្រូបង្វឹក និងកីឡាករ-កីឡាការិនី មួយចំនួនបានលាឈប់ ដែលធ្វើឲ្យសហព័ន្ធប្រឈម នឹងភាពយឺតយ៉ាវ និងដើរខុសផែនការក្នុងការអភិវឌ្ឍ និងពុំទទួលបាន ផលដូចការគ្រោងទុក ។

លោកបានបន្តថា កន្លែងហាត់ហ្វឹកហ្វឺនរបស់សហព័ន្ធ ពុំត្រូវស្តង់ដា (ចំណតឡាន គ្មានដំបូល គ្មានប្រព័ន្ធអគ្គីសនី ពន្លឺពុំគ្រប់គ្រាន់ ក្នុងការហ្វឹកហាត់ មិនអាចដំឡើងកម្រាលដែក)។ សហព័ន្ធពុំមានចំណូល គ្រប់គ្រាន់ ក្នុងការដំណើរការអគ្គលេខាធិការដ្ឋាន ឱ្យបានទៀងទាត់ និងស្របតាម ផែនការរបស់សហព័ន្ធ។ ក្នុងអាណត្តិទី៤ ក្រោយការ ដឹកនាំរបស់លោក តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា និងការអនុវត្តតាម ផែនការ យុទ្ធសាស្ត្រទាំង ៤ចំនុច យើងទទួល បានលទ្ធផលកើនឡើង ទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជាពិសេស ការ រៀបចំការ ប្រកួតក្នុងស្រុក ដែលមានជនបរទេស ចូលរួមជាឱកាសដល់កីឡាករ-កីឡាការិនីរបស់យើងមានលទ្ធភាព ក្នុងប្រកួតបង្កើនគុណផលបានច្រើន ។

អាណត្តិទី៦ ឆ្នាំ២០២៥-២០២៩ មានសមាជិកប្រតិបត្តិចំនួន ១៥ រូបរួមមានលោក តែ ឡូរិន ជាប្រធាន លោកឧកញ៉ អ៊ុក សារ៉ែន លោកសាស្ត្រាចា វេជ្ជបណ្ឌិត ដួង ឆាយ លោក សុខ យ៉ានិមល លោក HU Jian Hai លោក RA YOUNG GIRL លោកស្រី Dr Maria Isabelita Manzon-Cabrera លោក ខ្លួត រតនា អនុប្រធាន លោក សុខ អាង អគ្គលេខាធិការ លោក ថុង តាំងជិន អគ្គហិរញ្ញឹក លោកស្រី សុខា សុធានី លោក ម៉ៅ ដារ៉េត លោក ខ្ចៅ សុភាព លោក ម៉ុម ជាសីហា និងកញ្ញា ច័ន្ទ មិថុនា៕

Most Popular

To Top