ភ្នំពេញ ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញ ដឹកនាំកិច្ចប្រជុំជាមួយ ប្រតិភូកីឡារាជធានី ខេត្ត សហព័ន្ធកីឡាជាតិ និងគណៈកម្មការរៀបចំការ ប្រកួតកីឡាសិស្ស បឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៥ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សាលប្រជុំធំមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា នៃពហុកីឡដ្ឋានជាតិ អូឡាំពិក ។

លោក ប៊ូ ជុំសេរី បានរំលឹកសង្កត់បញ្ជាក់ នូវសេចក្ដីណែនាំ របស់ថ្នាក់ដឹកនាំក្រសួង ដល់អ្នកពាក់ព័ន្ធគ្រប់ ផ្នែកយកចិត្តទុកដាក់ បំពេញភារកិច្ចរបស់ខ្លួន ធ្វើយ៉ាងណារួមគ្នា ឲ្យដំណើរប្រកួត ប្រព្រឹត្តិទៅបានរលូន និងទទួលបាន ជោគជ័យ រួមមានឲ្យប្រតិភូ កីឡារាជធានីខេត្ត ទាំងអស់ តាមដានការធ្វើដំណើររបស់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ត្រូវមកចូលរួមការប្រកួត កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ តាមដំណាក់កាលៗ ដែលគណៈកម្មការរៀបចំការប្រកួត រៀបចំជូន ។ ប្រតិភូកីឡារាជធានី ខេត្ត រក្សាឱ្យបាន នូវការយោគយល់ ការអធ្យាស្រ័យ និងការសហការគ្នា រវាងខេត្ត និងគណៈកម្មការ គ្រប់ផ្នែក ដើម្បីសម្របសម្រួល ការងារចាំបាច់ទូទៅ ។ ប្រតិភូកីឡារាជធានី ខេត្ត ត្រូវបន្តឲ្យមាន ការហាត់ សមរៀងរាល់មុនការប្រកួតរបស់ប្អូនកីឡាករ កីឡាការិនី ដើម្បីឱ្យប្រាកដថា ការចូលរួមប្រកួត មិនប៉ះពាល់ដល់សាច់ដុំ ឬបញ្ហាផ្សេងៗទៀត ។

លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា សូមចូលរួមទាំងអស់គ្នា គោរពឲ្យបាននូវគោលការណ៍ត្រឹមត្រូវ និងសុក្រឹតក្នុងធ្វើឲ្យ កីឡាករ-កីឡាការិនី តាមអាយុកំណត់ ដែលគណៈកម្មការរៀបចំ ការប្រកួត មានចែងក្នុងបញ្ញត្តិទូទៅ និងបទបញ្ជា បច្ចេកទេស តាមប្រភេទកីឡានីមួយៗ ត្រូវចូលរួម ក្នុងការវាយតម្លៃ និង ធ្វើរបាយការណ៍ អំពីសមាសភាព ដែលមានភាពអសកម្ម និងចំណុចខ្វះខាតផ្សេងៗ ដើម្បីជាមូលដ្ឋានកែលម្អ ការរៀបចំប្រកួតឱ្យបានកាន់តែល្អប្រសើរឡើង នាពេលអនាគត ។ ចូលរួមសហការ និងដោះស្រាយបញ្ហាចំពោះការផ្សព្វផ្សាយនូវព័ត៌មាននានា ដែលនឹងផ្តល់នូវផល អវិជ្ជមានមកកាន់ការប្រកួត ដោយត្រូវយកចិត្តទុកដាក់ និងរកដំណោះស្រាយឱ្យបានត្រឹមត្រូវ ព្រមទាំងទាន់ពេលវេលាទាំងអស់គ្នា ។

លោក ប៊ូ ជុំសេរី បានបន្ថែមថា ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់គ្រូបង្វឹក និងក្មួយកីឡាករ កីឡាការិនី ដោយត្រូវសហការ ឬទំនាក់ទំនងជាមួយ ក្រុមគ្រូពេទ្យប្រចាំការទាំងទីតាំងស្នាក់នៅ និងទីលានប្រកួត ដើម្បីបង្ការបញ្ហាសុខភាព ដែលកើតឡើង ជាយថាហេតុណាមួយ ឬការចាំបាច់ត្រូវធ្វើការសង្រ្គោះបឋមផ្សេងៗ ដោយត្រូវសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធឲ្យបានជិតស្និទ្ធ ព្រមទាំង ត្រូវមានសម្ភារពេទ្យ និងទំនាក់ទំនងជា មន្ទីរពេទ្យជាមុន ។

សហការជាមួយអាជ្ញាធរ មូលដ្ឋានក្នុងការ សម្របសម្រួលចរាចរណ៍សម្រាប់ប្រតិភូ កីឡាករ កីឡាការិនី នៅតាមបរិវេណ ទីលានប្រកួត ក្នុងករណីចាំបាច់។ ជំរុញការឱ្យមានប្រាស្រ័យ ទំនាក់ទំនងជិតស្និទ្ធរវាងគណៈកម្មការរៀបចំការប្រកួត និងគណៈកម្មការជំនាញតាមសហព័ន្ធ ដើម្បីភាពងាយស្រួលលើការងារពាក់ព័ន្ធផ្សេងៗ នាពេលអនាគត ។
ត្រូវចូលរួមប្រជុំប្រធានប្រតិភូ តាមការអញ្ជើញ របស់គណៈកម្មការរៀបចំការប្រកួត ដើម្បីរាយការណ៍ពីចំណុចខ្វះខាត និងការងារបច្ចេកទេសប្រចាំថ្ងៃផ្សេងតាម។ចូលរួមអនុវត្ត ឱ្យបានម៉ឺងមាត់ ពីគោលការណ៍កីឡាគ្មានថ្នាំជក់ “Tobacco – Free – Sports” ដោយត្រូវអនុវត្ត ឱ្យបាននៅគ្រប់ទីតាំង ទីលានប្រកួត ទីតាំងទីកន្លែងស្នាក់នៅ និងទីតាំងកន្លែងហូបចុក របស់ប្រតិភូកីឡាទាំងអស់៕






