កីឡា

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ការប្រកួតនេះផ្តោតទៅលើមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ស្រលាញ់គ្នា និងបង្កើនសុខភាពល្អបរិបូរណ៍

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកកីឡា ទីប្រឹក្សា ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្រតិភូកីឡាទាំង ២៥ រាជធានី-ខេត្ត សិស្សានុសិស្ស និងកីឡាករ-កីឡាការិនីនាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នៅវិមាននៃពហុកីឡដ្ឋានជាតិ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ដល់សុខភាពសិក្សារបស់ប្អូនៗសិស្សានុសិស្ស ដោយដាក់ចេញនូវគោលការណ៍ និងវិធានការជាច្រើន ដើម្បីឲ្យសាលារៀនមានបរិយាកាសល្អ បរិស្ថានល្អ អនាម័យល្អ ម្ហូបអាហារ ភេសជ្ជៈធានាអនាម័យល្អ និងមានកម្មវិធីអប់រំកាយនិងកីឡា ដើម្បីពង្រឹងសមត្ថភាពរាងកាយរឹងមាំ កាត់បន្ថយបន្ទុកស្ត្រេសអវិជ្ជមានក្នុងការសិក្សា បង្កើនគុណភាពជីវិតឲ្យប្អូនៗសិស្សានុសិស្សទទួលបាននូវសុខភាពល្អផង បញ្ហាស្មារតីរឹងមាំក្នុងការសិក្សាផង។

ឧបនាយករដ្ឋមន្ត្រីបានបន្ត ជារៀងរាល់ឆ្នាំប្អូនៗសិស្សានុសិស្សបឋមសិក្សាតែងទទួលបានឱកាសមកជួបជុំគ្នាប្រកួតកីឡា ទន្ទឹមនឹងនោះក៏ជាឱកាសស្វែងរកមិត្តភាព ការរាប់អានគ្នា ការយល់ចិត្តគ្នាទៅវិញទៅមក និងបង្កភាពសប្បាយរីករាយជាមហាគ្រួសារយុវវ័យ ហើយក៏ជាឱកាសនៃការផ្លាស់ប្តូរមតិយោបល់លើការសិក្សារបស់ខ្លួនផងដែរ។

ការជួបជុំគ្នាដើម្បីប្រកួតកីឡាក្នុងកម្រិតបឋមសិក្សា គឺមិនផ្តោតសំខាន់ទៅលើការឈ្នះចាញ់នោះទេ គឺផ្តោតទៅលើមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ស្រលាញ់គ្នា និងបង្កើនសុខភាពល្អបរិបូរណ៍ដើម្បីជំរុញសុខភាពសិក្សារបស់ប្អូនៗឲ្យទទួលបានជោគជ័យ។

ការធ្វើសកម្មភាពអប់រំកាយ និងកីឡាជាប្រចាំ និងទៀងទាត់ ក្រៅពីទទួលបានសុខភាពល្អ បញ្ញាស្មារតីរឹងមាំ គឺអាចឱ្យប្អូនៗមានទម្លាប់កំណត់វិន័យខ្លួនឯង ចេះសម្រេចចិត្តខ្លួនឯង ចេះទទួលខុសត្រូវខ្លួនឯង ចេះកំណត់គោលដៅខ្លួនឯង ពិសេសចេះមានភាពអត់ធ្មត់ មិនបោះបង់ការតស៊ូព្យាយាម ពោលគឺឈ្នះលើខ្លួនឯង។

លោក ប៉ុន សុខ អគ្គនាយកកីឡាបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ ដែលមាន ១៣ប្រភេទ និង ៦៨វិញ្ញាសា ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពសិក្សា” ដែលមានប្រតិភូកីឡាមកពី ២៥រាជធានី-ខេត្ត ចំនួនប្រមាណ ៣ ០២៦នាក់ ចូលរួមប្រកួត។ ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ នាពេលនេះ។

ការប្រកួតខាងលើមាន ១៣ ប្រភេទកីឡារួមមាន៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៊ូល និងប៉េតង់ គុនល្បុក្កតោ ហែលទឹក គុនដាវ និងចំបាប់ ដែលមានវិញ្ញាសាសរុប៦៨ នៅរាជធានីភ្នំពេញ ក្នុងនោះមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ចុះឈ្មោះចូលរួមមកពី២៥រាជធានី ខេត្តសរុបចំនួន៣០២៦នាក់៕

ដោយ៖ លី ភីលីព

Most Popular

To Top