កីឡា

អ្នករត់ម៉ារ៉ាតុង ១០នាក់ត្រូវហាមប្រាមរយៈពេល ៣ឆ្នាំ បន្ទាប់ពីបត់ជើងតូចនៅលើស្លាកសញ្ញាសាលា នៅពេលរត់ម៉ារ៉ាតុងក្នុងប្រទេសចិន

xinhua

ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នករត់ម៉ារ៉ាតុងចំនួន ១០នាក់ ត្រូវបានហាមប្រាមមិនឲ្យចូលរួមការប្រកួតរយៈពេល៣ឆ្នាំ ដោយស្ថាប័នអត្តពលិកកំពូលរបស់ប្រទេសចិន បន្ទាប់ពីពួកគេត្រូវបានគេចាប់បាននោមជាសាធារណៈអំឡុងពេលព្រឹត្តិការណ៍ Suzhou Marathon 2025 ដែលបង្កឲ្យមានការផ្ទុះកំហឹងយ៉ាងលើបណ្តាញសង្គម។

អ្នករត់ត្រូវបានគេថតបានក្នុងវីដេអូបណ្ដាញសង្គមដែលកំពុងនោមនៅលើសញ្ញាមួយនៅខាងក្រៅសាលាមធ្យមសិក្សាក្នុងអំឡុងពេលព្រឹត្តិការណ៍ថ្ងៃទី ២ ខែមីនា។ ហេតុការណ៍នេះបានទាក់ទាញការរិះគន់ភ្លាមៗ ជាពិសេសដោយសារតែបង្គន់ចល័តដែលផ្តល់ដោយអ្នករៀបចំព្រឹត្តិការណ៍ស្ថិតនៅចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ។

នេះបើយោងតាម What’s On Weibo បាននិយាយថា សមាគមអត្តពលិកចិនបានកំណត់អត្តសញ្ញាណអត្តពលិកដែលប្រព្រឹត្តល្មើសយ៉ាងឆាប់រហ័ស ហើយបានដាក់បម្រាមរយៈពេល៣ឆ្នាំ ខណៈ CAA បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានមួយថា យើងសង្ឃឹមថាអត្តពលិក និងភាគីពាក់ព័ន្ធទាំងអស់ចាត់ទុករឿងនេះជាមេរៀន។

បន្ថែមពីលើការដាក់ពិន័យលើអ្នករត់ប្រណាំង សមាគមបានដកហូតវិញ្ញាបនប័ត្រផ្លូវការសម្រាប់ Suzhou Marathon ២០២៦ នាពេលខាងមុខ ដោយបានដកវាចេញពីប្រតិទិនម៉ារ៉ាតុងផ្លូវការរបស់ CAA យ៉ាងមានប្រសិទ្ធភាព។ ការនោមជាសាធារណៈនៅក្រុងស៊ូចូវ ត្រូវពិន័យជាប្រាក់១៣៧.៥៣ដុល្លារអាមេរិក។

ហេតុការណ៍នេះបានបន្លឺឡើងនូវភាពចម្រូងចម្រាសស្រដៀងគ្នាពីព្រឹត្តិការណ៍ Beijing Marathon 2013 ដែលអ្នកចូលរួមជាច្រើនត្រូវបានបង្ខំឲ្យបត់ជើងតូចជាសាធារណៈ ដោយសារតែបន្ទប់ទឹកមិនគ្រប់គ្រាន់។ ចាប់តាំងពីពេលនោះមក អ្នករៀបចំម៉ារ៉ាតុងបានបង្កើនចំនួនបង្គន់ចល័តយ៉ាងច្រើន៕

Most Popular

To Top