ភ្នំពេញ៖ លោក វ៉ា វណ្ណៈ អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក ហែម គីរី អគ្គលេខាធិការតំណាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកនាល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៥ បានអញ្ជើញចូលទស្សនាការប្រកួតកីឡាបាល់ទឹកមិត្តភាពអន្តរជាតិរវាងក្រុមកីឡាករជម្រើសជាតិបាល់ទឹកកម្ពុជា និងក្រុមកីឡាករជម្រើសជាតិ សឹង្ហបុរី នៅអាងហែលទឹក ពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

លោក ហែម គីរី បានប្រាប់ឲ្យដឹងថា នេះជាការប្រកួតថ្មីមួយទៀត បន្ទាប់ពីការប្រកួតកីឡា SEA GAME 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នាពេលនោះសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមការណែនាំឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ឲ្យបង្កើតក្រុមកីឡាបាល់ទឹកចូលរួមការប្រកួតកីឡា SEA GAME 2023 ទោះបីក្រុមនេះមិនទទួលបានចំណាត់ថ្នាក់ក៏ដោយ ប៉ុន្តែនេះជាបង្ហាញវត្តមានដំបូងក្រុមកីឡាបាល់ទឹកក្នុងការប្រកួតកីឡា SEA GAME 2023។

ការប្រកួតកីឡា SEA GAME 2023 ក្រុមកីឡាបាល់ទឹកកម្ពុជាបានចាញ់គ្រាប់បាល់ច្រើនជាងគេ គឺ ក្រុមកីឡាករជម្រើសជាតិ សឹង្ហបុរី ចំពោះការប្រកួតលើកទី២ នេះលោកបានសំឡឹងឃើញថា ក្រុមកីឡាបាល់ទឹកកម្ពុជាមានការរីកចម្រើន ដោយសារក្រោយពីបញ្ចប់ការប្រកួតកីឡា SEA GAME 2023 ក្រុមបាល់ទឹកកម្ពុជាធ្វើការហ្វឹកហាត់រហូតគ្មានសម្រាកឡើយ ទើបធ្វើឲ្យការប្រកួតកីឡាបាល់ទឹកមិត្តភាពអន្តរជាតិរវាងក្រុមកីឡាករជម្រើសជាតិបាល់ទឹកកម្ពុជា និងក្រុមកីឡាករជម្រើសជាតិ សឹង្ហបុរី ទទួលបានលទ្ធផល គឺកម្ពុជាចាញ់សឹង្ហបុរី លទ្ធផល ១២ទល់នឹង ១៥ ។


លោកអគ្គលេខាធិការបានបន្តថា ការប្រកួតនេះមានគោលបំណងស្ទង់បច្ចេកទេស និងលើកទឹកចិត្តកីឡាករថ្នាក់ជម្រើសជាតិ ដើម្បីបន្តការរៀបចំជាស្រេចសម្រាប់ការប្រកួតអន្តរជាតិនានា ហើយសហព័ន្ធនឹងរៀបចំការប្រកួតកីឡាបាល់ទឹកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ លោកនឹងសូមគោលការណ៍ទៅលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីក្រុមបាល់ទឹកកម្ពុជាមានសកម្មភាពប្រកួតឲ្យបានច្រើនទំាងក្នុងស្រុក និងក្រៅស្រុក៕



ដោយ៖ លី ភីលីព
