កីឡា

ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមហាផ្ទៃឡើងវគ្គ ៨ ក្រុងចុងក្រោយ នៃការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់មិត្តភាពយុវជន អន្តរក្រសួង-ស្ថាប័ន

ភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់យុវជនក្រសួងអប់រំ យុវជន និងកីឡា និងក្រុមកីឡាបាល់ទាត់យុវជន ក្រសួងមហាផ្ទៃ បានធ្វើដំណើរឡើងវគ្គ ៨ ក្រុងចុងក្រោយ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់មិត្តភាពយុវជន អន្តរក្រសួង-ស្ថាប័ន លើកទី១០ ឆ្នាំ២០២៥ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ។

វគ្គ១៦ក្រុមចុងក្រោយ ក្រុមកីឡាបាល់ទាត់យុវជន ក្រសួងអប់រំ យុវជន និងកីឡា បានយកឈ្នះលើក្រុមបាល់ទាត់ យុវជន ក្រសួង យុត្តិធម៌ ក្នុងលទ្ធផលបច្ចេកទេស ២ទល់នឹង ០ និងក្រុមកីឡាបាល់ទាត់ យុវជនក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានលេងចាញ់ក្រុមកីឡាបាល់ទាត់យុវជនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងលទ្ធផលបច្ចេកទេស ១ទល់នឹង ៣។
ចំណែកក្រុមកីឡាបាល់ទាត់យុវជន ក្រសួងមហាផ្ទៃ បានយកឈ្នះលើ ក្រុមកីឡាបាល់ ទាត់យុវជន អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ក្នុងលទ្ធផលបច្ចេកទេស ៤ទល់នឹង ១ និងក្រុមកីឡាបាល់ទាត់យុវជន ក្រសួងសុខាភិបាល បានយកឈ្នះលើ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងលទ្ធផលបច្ចេកទេស ២ ទល់នឹង ០។

ដូច្នេះគណៈកម្មការរៀបចំបានរកឃើញក្រុមជើងខ្លាំង ៤ ក្រុមឡើងវគ្គ ៨ ក្រុមចុងក្រោយរួមមាន ក្រុមកីឡាបាល់ទាត់យុវជន ក្រសួងអប់រំ យុវជន និងកីឡា ក្រុមកីឡាបាល់ទាត់យុវជនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមកីឡាបាល់ទាត់យុវជន ក្រសួងមហាផ្ទៃ និងក្រុមកីឡាបាល់ទាត់យុវជន ក្រសួងសុខាភិបាល៕
ដោយ៖លី ភីលីព

Most Popular

To Top