ភ្នំពេញ៖ អ្នកគាំទ្ររាប់ម៉ឺននាក់នាំគ្នាទិញសំបុត្រ ចូលរួមទស្សនាព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ AFC Challenge League វគ្គផ្តាច់ព្រ័ត្ររវាងក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងតំណាងឲ្យប្រទេសកម្ពុជាជាមួយ ក្រុមបាល់ទាត់ Arkadag FC របស់ប្រទេសឥណ្ឌា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នាពហុកីឡដ្ឋានជាតិមរតកតេជោទីក្រុងភ្នំពេញ ប្រទេសកម្ពុជាយ៉ាងច្រើនកុះករ។
លោក រិទ្ធ ឌីកា នាយកបច្ចេកទេសរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានមានប្រសាសន៍ថា ការប្រកួត AFC Challenge League វគ្គផ្តាច់ព្រ័ត្ររវាងព្រះខ័នរាជស្វាយរៀង ជាមួយក្រុម Arkadag FC នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នាពហុកីឡដ្ឋានជាតិមរតកតេជោ ដឹកនាំក្លិប និងកីឡាកររបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានត្រៀមលក្ខណៈរួចរាល់ហើយ ពីព្រោះការប្រកួតសារសំខាន់ណាស់សម្រាប់ក្លិប អ្នកគាំទ្រ និងប្រទេសកម្ពុជា។
លោក រិទ្ធ ឌីកា បានបន្តថា នេះជាកិត្តិយសសម្រាប់ប្រទេសកម្ពុជាក្នុងវិស័យកីឡាបាល់ទាត់ ជាពិសេសក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដែលបានឈានជើងមកដល់ពេលនេះ ដឹកនាំក្លិបសប្បាយចិត្តមែនទែនដោយបានឃើញអ្នកគាំទ្រសន្ទុះការគាំទ្របាល់ទាត់នៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ បានបង្ហាញពីឆន្ទះរបស់ពួកគាត់ដែលរងចាំជាយូរមកហើយ សម្រាប់កម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League កម្រិតនេះ។
នាយកបច្ចេកទេសរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានបញ្ជាក់ថា ការប្រកួតនាថ្ងៃទី១០ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងត្រូវការឈ្នះជាដាច់ខាត ដើម្បីឆ្នាំក្រោយទទួលបានសិទ្ធិពេញលេញការប្រកួតពានរង្វាន់ Challenge League II ។ អ្វីដែលធ្វើឲ្យលោកសប្បាយចិត្ត គឺវិស័យកីឡាបាល់ទាត់មានការរីកចម្រើន មិនថា ក្រុមបាល់ទាត់ ឬក្រុមបាល់ទាត់ជម្រើសជាតិឡើយ រូបលោកចង់ឃើញការរីកចម្រើនកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជា ជាពិសេសមិនថា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្លិបបាល់ទាត់វីសាខា និងក្លិបបាល់ទាត់ភ្នំពេញក្រោនឲ្យតែមានឱកាសចេញ ប្រកួតក្រៅប្រទេស លោកតែងតែគាំទ្រជានិច្ច។
លោកបានបន្ថែមទៀតថា តាំងនាមជានាយកបច្ចេកទេស និងមហាគ្រួសាររបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងជាកីឡាករម្នាក់ក្នុងអាជីពបាល់ទាត់សូមថ្លែងអំណរគុណដល់ក្រុមអ្នកគាំទ្រទាំងអស់ដែលបានចំណាយពេលវេលាតម្រង់ជួរទិញសំបុត្រចូលរួមទស្សនាការប្រកួត AFC Challenge League វគ្គផ្តាច់ព្រ័ត្ររវាងព្រះខ័នរាជស្វាយរៀង ជាមួយ FC Arkadagនៅ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នាពហុកីឡដ្ឋានជាតិមរតកតេជោយ៉ាងច្រើនកុះករ៕ ដោយ៖លី ភីលីព




