ភ្នំពេញ ៖ លោក រិទ្ធ ឌីកា នាយកបច្ចេកទេស របស់ក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង តំណាងលោក ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានផ្តល់អាវអ្នកគាំទ្រ ជូនដល់ព្រឹទ្ធាចារ្យ ២រូប គឺលោក អុំ សួន និងលោកគ្រូ មាំង និងផ្តល់ថវិកា សម្រាប់ចូលរួមទស្សនាការ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ AFC Challenge League វគ្គផ្តាច់ព្រ័ត្រ រវាងព្រះខ័នរាជស្វាយរៀង ជាមួយក្រុម FK Arkadag នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នាពហុកីឡដ្ឋានជាតិ មរតកតេជោ ។

លោក រិទ្ធ ឌីកា នាយកបច្ចេកទេស របស់ក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានប្រាប់តាមអនឡាញឲ្យដឹងថា លោក ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានផ្តល់អាវអ្នកគាំទ្រម្នាក់ៗអាវចំនួន ២ ជូនដល់ព្រឹទ្ធាចារ្យ ២រូប គឺលោក អុំ សួន និងលោកគ្រូ មាំង និងថវិកាចំនួន ២ សែនរៀល ។
លោកប្រធានក្លឹបតែងតែយកចិត្ត ទុកដាក់ ចំពោះចាស់ព្រឹទ្ធាចារ្យកីឡាបាល់ទាត់ និងជាការចូលរួមចំណែកយ៉ាងធំ ក្នុងការអភិឌ្ឍនវិស័យ កីឡាបាល់ទាត់កម្ពុជា ។

លោកនាយកបច្ចេកទេស បានបន្តថា ការខិតខំប្រឹងប្រែង លោកប្រធានទំាងចិត្ត កាយ និងទំាងថវិកា បានជូនឲ្យក្លឹបបាល់ ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះយ៉ាងអស្ចារ្យកម្រិតជាតិ និងអន្តរជាតិ ជាពិសេសក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង គ្រងតំណែង ជើងឯក នៃព្រឹតិ្តការណ៍កីឡាបាល់ទាត់ ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ២០២៤/២៥ “Cambodian Premier League 2024/25” ។

នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង តំណាងឲ្យប្រទេសកម្ពុជា ធ្វើការប្រកួតជាមួយ ក្រុមបាល់ទាត់ FK Arkadag ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ AFC Challenge League វគ្គផ្តាច់ព្រ័ត្រ នាពហុកីឡដ្ឋានជាតិមរតកតេជោ ជាប្រវត្តិសាស្ត្រថ្មី មួយទៀតសម្រាប់ក្លឹប និងប្រទេសកម្ពុជា ៕
