កីឡា

ខេត្តបាត់ដំបង ដណ្តើមមេដាយចំនួន៧ គ្រឿងនៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ ប្រភេទកីឡាតេក្វាន់ដូ WT

ភ្នំពេញ៖ ខេត្តបាត់ដំបងដណ្តើមមេដាយចំនួន ៧ គ្រឿង ខណៈខេត្តកណ្តាលដណ្តើមបានមេដាយ ២ គ្រឿងលើប្រភេទកីឡាតេក្វាន់ដូ WT ក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “កីឡាដើម្បីសុខភាពសិក្សា” ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការបច្ចេកទេសជាមួយខេមរសហព័ន្ធកីឡាតេក្វាន់ដូ។

ក្នុងឱកាសពិធីបិទប្រភេទកីឡាតេក្វាន់ដូ WT នក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គង់ សក្ខិដា អគ្គលេខាធិការរងតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ លោក ចាប រតនា អនុប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាតំណាងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ព្រមទំាងតំណាងមន្ទីរអប់រំកាយ និងកីឡាទំាង១២។

ខេត្តបាត់ដំបងដណ្តើមមេដាយចំនួន ៧គ្រឿង មេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តសៀមរាបដណ្តើមមេដាយចំនួន ៤ គ្រឿង មេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ខេត្តកណ្តាល ដណ្តើមមេដាយចំនួន ២គ្រឿង មេដាយមាស ១គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងខេត្តកំពង់ឆ្នាំង ដណ្តើមមេដាយចំនួន ២ គ្រឿង មេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។

ចំណែករាជធានីភ្នំពេញដណ្តើមមេដាយមាស ១ គ្រឿង ខេត្តព្រៃវែងដណ្តើមមេដាយមាស ១ គ្រឿង ខេត្តកំពង់ធំដណ្តើមមេដាយប្រាក់ ៣គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តកំពង់ធំដណ្តើមមេដាយប្រាក់ ៣គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងខេត្តស្ទឹងត្រែងដណ្តើមមេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។

លោក គង់ សក្ខិដា បានមានប្រសាសន៍ថា ការប្រកួតធ្វើឲ្យប្អូនៗសិស្សានុសិស្សបឋមសិក្សាតែងទទួលបានឱកាសមកជួបជុំគ្នាប្រកួតកីឡា ទន្ទឹមនឹងនោះក៏ជាឱកាសស្វែងរកមិត្តភាព ការរាប់អានគ្នា ការយល់ចិត្តគ្នាទៅវិញទៅមក និងបង្កភាពសប្បាយរីករាយជាមហាគ្រួសារយុវវ័យ ហើយក៏ជាឱកាសនៃការផ្លាស់ប្តូរមតិយោបល់លើការសិក្សារបស់ខ្លួនផងដែរ។ ការជួបជុំគ្នាដើម្បីប្រកួតកីឡាក្នុងកម្រិតបឋមសិក្សា គឺមិនផ្តោតសំខាន់ទៅលើការឈ្នះចាញ់នោះទេ គឺផ្តោតទៅលើមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ស្រលាញ់គ្នា និងបង្កើនសុខភាពល្អបរិបូរណ៍ដើម្បីជំរុញសុខភាពសិក្សារបស់ប្អូនៗឲ្យទទួលបានជោគជ័យ។

ការធ្វើសកម្មភាពអប់រំកាយ និងកីឡាជាប្រចាំ និងទៀងទាត់ ក្រៅពីទទួលបានសុខភាពល្អ បញ្ញាស្មារតីរឹងមាំ គឺអាចឱ្យប្អូនៗមានទម្លាប់កំណត់វិន័យខ្លួនឯង ចេះសម្រេចចិត្តខ្លួនឯង ចេះទទួលខុសត្រូវខ្លួនឯង ចេះកំណត់គោលដៅខ្លួនឯង ពិសេសចេះមានភាពអត់ធ្មត់ មិនបោះបង់ការតស៊ូព្យាយាម ពោលគឺឈ្នះលើខ្លួនឯង។

ក្រុមកីឡាករ-កីឡាករតេក្វាន់ដូ WT ចំនួន ១២ រាជធានីខេត្តក្នុងចំណោម ២៥ រាជធានីខេត្តចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “កីឡាដើម្បីសុខភាព សិក្សា” ក្រុម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការបច្ចេកទេសជាមួយខេមរសហព័ន្ធកីឡាតេក្វាន់ដូ។

គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាករតេក្វាន់ដូ WT មកពីរាជធានីខេត្តចំនួន១២ មានចំនួន ៨០ នាក់ ក្នុងនោះក្រុមកីឡាករ-កីឡាករចំនួន ៨០ នាក់ និងគ្រូបង្វឹក ១២នាក់ ដូចជា ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តមណ្ឌលគិរី ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង ការប្រកួតនៅអាគារហ្វឹកហាត់ដំបូលទូក ប៊ូយ៉ុង-ខ្មែររបស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក៕

ដោយ៖ លី ភីលីព

Most Popular

To Top