ភ្នំពេញ៖ ខេត្តស្ទឹងត្រែងដណ្តើមមេដាយមាស ២ គ្រឿង ខណៈរាជធានីភ្នំពេញដណ្តើមបានមេដាយមាស ២ គ្រឿងលើប្រភេទកីឡាតេក្វាន់ដូ ITF ក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ ២០២៥ ក្រោមប្រធានបទ៖ “កីឡាដើម្បីសុខភាពសិក្សា” ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាខ្មែរហែលទឹក។

ក្នុងឱកាសពិធីបិទប្រភេទកីឡាតេក្វាន់ដូ ITF ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ទេសរដ្ឋមន្ត្រី កែវ រេមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF លោក បួន លឹមហេង ប្រធានកិត្តិយសសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ព្រមទំាងតំណាងមន្ទីរអប់រំកាយ និងកីឡាទំាង៨ នៅអាគារស.ស.យ.ក ភ្នំពេញ។

លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា បានប្រាប់ឲ្យដឹងថា យោងផែនការប្រចាំឆ្នាំ របស់នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ស្តីពីការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាឆ្នាំ០២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ មានចំនួន ១៣ប្រភេទកីឡា ចូលរួមកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាគុនល្បុកត្តោ កីឡាតេក្វាន់-ដូ ITF កីឡាវាយកូនឃ្លីលើតុ កីឡាប៊ូលនិងប៉េតង់ កីឡាតេក្វាន់ដូ WT កីឡាវាយសី កីឡាគុនដាវ កីឡាគុនល្បុក្កតោ និងកីឡាចំបាប់ ដែលទើបនឹងដាក់បញ្ចូលថ្មី។

លោកអគ្គលេខាធិការបានបន្តថា ដោយឡែកប្រភេទកីឡាតេក្វាន់-ដូ ITF មានចំនួន ៨ រាជធានី ខេត្តចូលរួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តរតនគីរី និងរាជធានីភ្នំពេញ និងមានអត្តពលិកសរុប ៤៥នាក់ ក្នុងនោះមានកុមារា ២១នាក់ និងមានកុមារី ២៤នាក់ ។

ការប្រកួតមាន ៦វិញ្ញាសា ជាដូចជាវិញ្ញាសាមេគុនឯកត្តជន កុមារា អាយុចាប់ពី (៦ឆ្នាំ ដល់ ៩ឆ្នាំ) វិញ្ញាសាមេគុនឯកត្តជន កុមារី អាយុចាប់ពី (៦ឆ្នាំ ដល់ ៩ឆ្នាំ) វិញ្ញាសាមេគុនឯកត្តជន កុមារា អាយុចាប់ពី (១០ឆ្នាំ ដល់ ១២ឆ្នាំ) វិញ្ញាសាមេគុនឯកត្តជន កុមារី អាយុចាប់ពី (១០ឆ្នាំ ដល់ ១២ឆ្នាំ) វិញ្ញាសាមេគុនក្រុម កុមារា អាយុចាប់ពី (៦ឆ្នាំ ដល់ ១២ឆ្នាំ) វិញ្ញាសាមេគុនក្រុម កុមារី អាយុចាប់ពី (៦ឆ្នាំ ដល់ ១២ឆ្នាំ)។



ខេត្តស្ទឹងត្រែងដណ្តើមបានមេដាយចំនួន ៣ គ្រឿង មេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង រាជធានីភ្នំពេញដណ្តើមបានមេដាយមាស ២ គ្រឿង ខេត្តត្បូងឃ្មុំដណ្តើមមេដាយចំនួន ៣ គ្រឿង មេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង និងខេត្តខេត្តរតនគីរីដណ្តើមមេដាយចំនួន ៤ គ្រឿង មេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង៕

ដោយ៖ លី ភីលីព
