ភ្នំពេញ៖ រាជធានីភ្នំពេញដណ្តើមបានមេដាយមាសចំនួន ១០ គ្រឿងក្លាយជាក្រុមគ្រងតំណែងជើងឯកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពសិក្សា” ខណៈខេត្តរតនគិរីដណ្តើមបានមេដាយមាស ៩ គ្រឿង រីឯខេត្តកំពង់ឆ្នាំងជាប់ចំណាត់ថ្នាក់លេខ៣ ដែលឈ្នះមេដាយមាសត្រឹមតែ ៧ គ្រឿង ព្រឹត្តិការណ៍រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយសហព័ន្ធកីឡាជាតិទាំង១៣ ។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពសិក្សា” នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ និងលោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និង កីឡាតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកបេសកកម្មពិសេស នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងប្រធានមន្ទីរអប់រំកាយ និងកីឡា២៥រាជធានីខេត្តទាំង២៥ ព្រមទាំងអ្នកទំាង ១៣ នៅវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។



លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយ តម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត អង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ប្រតិភូកីឡា រាជធានី ខេត្តបានសហការគ្នារៀបចំការប្រកួតនេះឲ្យប្រព្រឹត្តទៅដោយរលូនទៅតាមការគ្រោងទុក ប្រកបដោយភាពជោគជ័យ និងបរិយាកាសសប្បាយរីករាយ និងសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់បានចូលរួមនិងខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព គោរពបាននូវបទបញ្ជានៃការប្រកួត និងទទួលបានលទ្ធផលល្អប្រសើរ និងសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានដឹកនាំ និងគ្រប់គ្រង ការប្រកួតស្របតាម គោលការណ៏បច្ចេកទេស ប្រកបដោយយុត្តិធម៌ និងតម្លាភាព ហើយរកឃើញនូវកីឡាករ កីឡាការិនីឆ្នើម ដែលទទួលបានជ័យលាភីនៃការប្រកួតនៅពេលនេះ ។


កីឡាគឺជាផ្នែកសំខាន់មួយក្នុងកម្មវិធីសិក្សារបស់សាលា និងសិស្សានុសិស្ស ព្រោះអាចជួយឲ្យពួក គាត់ធ្វើការងារជាក្រុម មានភាពជាអ្នកដឹកនាំក្នុងការអនុវត្តការសិក្សា បង្កើនការគោរពខ្លួនឯង ការគ្រប់គ្រង ពេលវេលា មានទំនុកចិត្ត មានវិន័យ មានកាយសម្បទាមំាមួន ទំនាក់ទំនងសង្គមបានល្អ ការលូតលាស់ ប្រកបដោយសុខភាពល្អ សុខភាពផ្លូវចិត្ត ការអភិវឌ្ឍន៍សង្គម គ្រប់គ្រងអារម្មណ៍ មានការតស៊ូ អត្ថប្រយោជន៍ សុខភាពផ្លូវកាយ បង្កើនការអត់ធ្មត់ អភិវឌ្ឍជំនាញជីវិត ធ្វើអោយដំណេកប្រសើរឡើង កម្រិតថាមពល ប្រសើរឡើង កាត់បន្ថយភាពតានតឹង សកម្មភាពរាងកាយ និងលើកកម្ពស់ការច្នៃប្រឌិត។ ព្រោះប្រសិនបើ សិស្សនុសិស្សរក្សាអារម្មណ៍ និងរាងកាយឱ្យមានសុខភាពល្អ ពួកគេអាចផ្តោតអារម្មណ៍លើការសិក្សារបស់ ពួកគេបានយ៉ាងងាយស្រួល បង្កើនទំនុកចិត្ត ស្មារតីប្រុងប្រយ័ត្ន និងការជឿជាក់លើខ្លួនឯង។


លោករដ្ឋលេខាធិការបានបន្តថា វិស័យអប់រំកាយ និងកីឡា បានរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពសិស្ស និស្សិត ប្រជាជនគ្រប់រូប ហើយទទួលបាននូវការចាប់អារម្មណ៍ចូលរួមគាំទ្រយ៉ាងច្រើនពីយុវជន ជាពិសេស លទ្ធផល នៃការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិមានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរសាទរ ពីមហាជន និងរាជរដ្ឋាភិបាល កាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម ជាអាទិ៍ការប្រើប្រាស់គ្រឿងញៀន។


ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយ ផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទនៃការរីកចម្រើនកីឡានៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ជាពិសេស កិត្តិសព្ទ និងមុខមាត់កម្ពុជា ពីការទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម បានយ៉ាងល្អ មានការចូលរួមគាំទ្រពីមហាជនគ្រប់ស្រទាប់ វណ្ណៈ នាពេលថ្មីៗកន្លងទៅនេះ។

ដើម្បីឲ្យការធ្វើកំណែទម្រង់នេះ ទទួលបានជោគជ័យ ក្រសួងអប់រំ យុវជន និងកីឡា សំណូមពរ ដល់អង្គការរដ្ឋកីឡា និងអង្គការសង្គមកីឡា ឱ្យខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន និងការទទួលខុសត្រូវខ្ពស់ និងស្នើសុំឲ្យគ្រឹះស្ថានបឋមសិក្សាសាធារណ និងឯកជនជាច្រើនចំណុច។
ដោយ៖ លី ភីលីព
