ភ្នំពេញ ៖ លោក សុខ យ៉ានិមល បានក្លាយជាប្រធានសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជាអាណត្តិថ្មី ទី៨ឆ្នាំ២០២៤-២០២៨ ខណៈលោកបណ្ឌិត មាស សារិន អតីតប្រធានត្រូវតែងតាំង ជាប្រធានកិត្តិយសសហព័ន្ធ បន្ទាប់ពីសមាជិកប្រតិបត្តិសម្រេចបោះឆ្នោត នៅមហាសន្និបាតនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា ។

ក្នុងឳកាសមហាសន្និបាតសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជាបញ្ចប់អាណត្តិទី៧ ឆ្នាំ២០២០-២០២៤ និងបន្តអាណត្តិទី៨ ឆ្នាំ២០២៤-២០២៨ សមាជិកប្រវតិបត្តិថ្មីចំនួន ១៧ រូបរបស់សហព័ន្ធកីឡាសហព័ន្ធ ដោយមានការអញ្ជើញ ចូលរួមជាសាក្សី ពីសំណាក់លោក តែម ម៉ឺន អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក ទុយ វិច្ឆិកា ប្រធានការិយាល័យកីឡាជំនាញ នៃក្រសួងអប់រំ យុវជន និងកីឡា ។
លោក សុខ យ៉ានិមល ប្រធានសហព័ន្ធកីសីដក់ និងស៊ីមេលោងកម្ពុជា បានប្រសាសន៍ថា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកបណ្ឌិត មាស សារ៉ន អតីតប្រធានសហព័ន្ធកីឡាសីដក់ និងស៊ីមេលាងកម្ពុជា ដែលបានចំណាយពេលដ៏មានតម្លៃទំាងអស់ កម្លាំងកាយចិត្តដឹកនាំសហព័ន្ធកីឡាមួយនេះឲ្យទទួលបានជោគជ័យគួរជាទីមោទនេះ ។ ក្រោមការដឹកនាំរបស់លោកបណ្ឌិតបានធ្វើឲ្យប្រភេទកីឡាសីដក់ និងស៊ីមេលោង មានកិត្តិនាមទាំង ក្នុងប្រទេសកម្ពុជា និងលើឆាកអន្តរជាតិ ។

លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គហេរញ្ញិក និងសមាជិក-សមាជិកា គណៈកម្មាធិការប្រតិបត្តិ និងមន្ត្រី សហព័ន្ធទាំងអស់ ក្នុងអាណត្តិមុនៗ ដែលជាប្រតិបត្តិករដោយផ្ទាល់ បានខិតខំជំរុញឲ្យមានវឌ្ឍនភាព នៃប្រភេទកីឡាសីដក់ និងស៊ីមេលោង នេះនៅកម្ពុជា ។ ខ្ញុំសូមបន្តនូវមាគ៌ាដឹកនាំដ៏ល្អផូរផង់របស់លោកបណ្ឌិត មាស សារិន អតីត ប្រធានសហព័ន្ធកីឡាសីដក់ និងសឺមេលោងកម្ពុជា ។ បញ្ចេញអស់កម្លាំងកាយចិត្ត នូវស្មារតីមោះមុត ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រភេទកីឡាសីដក់ និងសីមេលោង អោយកាន់តែល្បីល្បាញ ទាំងក្នុងប្រទេស តំបន់ និងលើឆាកអន្តរជាតិ ។

លោកប្រធានថ្មីបានបញ្ជាក់ថា លោកនឹងខំប្រឹងដឹកនាំសហព័ន្ធកីឡាសីដក់ និងស៊ីមេលោងកម្ពុជា ប្រកបដោយសុភវិនិច្ឆ័យ តម្លាភាព និងគណនេយ្យភាព។ ស្វះស្វែង និងគៀងគររកថវិកា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សម្រាប់ការបម្រើដល់ការងាររដ្ឋបាល ការហ្វឹកហាត់ និងការប្រកួត ។ សម្រេចឲ្យបាននូវទិសដៅ និងផែនការយុទ្ធសាស្ត្រ របស់សហព័ន្ធ សម្រាប់អាណត្តិថ្មីរបស់ខ្ញុំ និងរៀបចំផែនការយុទ្ធសាស្ត្រ ត្រៀមរៀបចំការប្រកួត ទាំងកម្រិតជាតិ និងអន្តរជាតិ ។

បន្តទំនាក់ទំនងល្អ ជាមួយនិងសហព័ន្ធកីឡាសីដក់ និងសីមេលោងអន្តរជាតិ ប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក ដែលមានសក្តានុពលលើវិស័យកីឡាមួយនេះ ដើម្បីឱ្យសហព័ន្ធ បានទទួលការចែករម្លែក បណ្ដុះបណ្តាល ឬចេញទៅបោះជុំរុំ ហ្វឹកហាត់ដល់កីឡាករ-កីឡាការិនី ។
សម្រាប់សមាជិកថ្មីអាណត្តិទី៨ ឆ្នាំ២០២៤-២០២៨ ចំនួន១៧រូប៖លោក សុខ យ៉ានិមល ជាប្រធាន លោក លោក ឯម ហៀង លោក មាស សារ៉េត លោក វ៉ា គ្រី កញ្ញា មាស តឿ អនុប្រធាន កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការ លោក ប្រាក់ សិរិវឌ្ឍនៈអគ្គលេខាធិការរង កញ្ញា គួយ ស៊ីវឡេង អគ្គហេរញ្ញឹក លោក ពៅ វណ្ណា លោក អ៊ឹង ណារិទ្ធ លោក ហ៊ុត វិប៊ែរ លោក គង់ សុភាព លោក ជាតិ ខេមរា កញ្ញា ឯម សុវត្ថាវី កញ្ញា តាំង គឹមហៀង លោក គឹម សិរិមង្គល និងលោក វ៉ា គីមលាង ជាសមាជិក៕


