ប្រេស៊ីល ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករកាយវប្បកម្មប្រេស៊ីល លោក Wanderson Da Silva Moreira បានដួល និងស្លាប់ក្នុងអំឡុងពេលការប្រកួតមួយ កាលពីចុងសប្តាហ៍ ដែលធ្វើឲ្យចៅក្រម និងអ្នកទស្សនាមានការភ្ញាក់ផ្អើល នៅទីក្រុង Campo Grande ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា សាក្សីបាននិយាយថា បុរសវ័យ ៣០ ឆ្នាំរូបនេះហាក់មិន មានលំនឹងមុន ពេលដួលលើឆាក ។ គ្រូពេទ្យបានព្យាបាលលោកជិតមួយម៉ោង ប៉ុន្តែក្រោយមកត្រូវបានប្រកាសថា លោក Moreira បានស្លាប់ ដោយសារគាំងបេះដូង។
យោងតាមសារព័ត៌មាន Newsflash ដកស្រងសម្តីមិត្តភ័ក្តិ ដែលអមដំណើរ លោក Moreira បាននិយាយថា គាត់បានត្អូញត្អែរពីអារម្មណ៍ មិនស្រួលមុនពេលព្រឹត្តិការណ៍នេះ ប៉ុន្តែបានទទូចឲ្យប្រកួតប្រជែងនៅកន្លែងហាត់ប្រាណ José Abrao ។ មិត្តភ័ក្តិក៏បានបញ្ជាក់ថា លោក Moreira មានប្រវត្តិកើតជំងឺលើសឈាម។ គាត់ត្រូវបានប្រពន្ធ និងកូនតូច២នាក់នៅរស់រានមានជីវិត។
គ្រូបង្វឹករបស់លោក Moreira បានសម្តែងការសោកស្ដាយ ជាខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា គ្មានពាក្យណា អាចរៀបរាប់ ពីភាពសោកសៅ និងតក់ស្លុតដែលខ្ញុំមានអារម្មណ៍នោះទេ។ គាត់មិនត្រឹមតែជាអត្តពលិកប៉ុណ្ណោះទេ គាត់ក៏ជាមិត្តល្អ ជាបុរសក្នុងគ្រួសារ ជាបុរសដែលមានបេះដូងធំ តែងតែត្រៀមខ្លួនជួយអ្នកដែលត្រូវការ។
អ្នកនាំពាក្យគណៈកម្មាធិការ រៀបចំការប្រកួត បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ ប៉ុន្តែបានបដិសេធមិន ផ្តល់ការអធិប្បាយបន្ថែមទៀតទេ។
យោងតាមគេហទំព័រ The Sun ថា ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយ នៃកាលវិភាគប្រកួត របស់សហព័ន្ធកីឡាកាយវប្បកម្ម និងកាយសម្បទាជាតិប្រេស៊ីល៕
