កីឡា

លោក សុខ ពុទ្ធិវុធ ៖ ការប្រកួតជើងឯកនេះធ្វើឡើងដើម្បីដកស្រង់ពិសោធន៍បច្ចេកទេស និងពង្រឹងសមត្ថភាពអត្តពលិកកីឡាបាញ់កាំភ្លើងតៀមខ្លួនការប្រកួត SEA Game 33 នៅថៃ

ភ្នំពេញ៖ លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា លោក តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបេសកកម្មពិសេសនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ព្រុំ ប៉ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាកិត្តិយសចូលរួមពិធីបិទការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកឆ្នាំ២០២៥ ។

លោក សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា លោកសូមវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាស ម្រាប់លទ្ធផលការងារកន្លង ជាពិសេសលទ្ធផលនៃរៀបចំកម្មវិធីប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នាពេលនេះ។ លោកក៏សូមចូលរួមអបអរសាទរចំពោះកីឡាករ-កីឡាការិនីទទួលបានជ័យលាភីក្នុងការប្រកួត និងសូមលើកទឹកចិត្តចំពោះកីឡាករ-កីឡាការិនីពុំទាន់ទទួលបានជ័យលាភី សូមបន្តធ្វើការហ្វឹកហាត់ ពង្រឹងសមត្ថភាពបន្ថែមដើម្បីដណ្ដើមជ័យលាភីនាពេលក្រោយ។

កីឡាបាញ់កាំភ្លើង គឺជាកីឡាអន្តរជាតិដ៏ចំណាស់មួយត្រូវបានគេយកមកប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកតាំងពីឆ្នាំ ១៨៩៦មកម្លេះ។ មកដល់ពេលនេះ កីឡាបាញ់កាំភ្លើងអន្តរជាតិមានសមាជិកចំនួន ១៤៩ ប្រទេសស្ថិតក្រោមការគ្រប់គ្រងដោយសហព័ន្ធកីឡាបាញ់កាំភ្លើងអន្តរជាតិ កីឡានេះត្រូវការជាចាំបាច់ហ្វឹកហាត់យ៉ាងច្រើន និងទៀងទាត់ ជាទីបំផុតដើម្បីឈានទៅរកការទទួលជ័យជម្នះ។

លោកប្រធានសហព័ន្ធបានបញ្ជាក់ថា ស្របពេល ប្រទេសកម្ពុជាកំពុងរក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពន យោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ២០២៥០ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកអាទិភាពគន្លឹះចំនួន ៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា-ឌីជីថល” ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយក្នុងបញ្ចកោណយុទ្ធសាស្ត្រទី១ ផ្តោតជាចម្បង លើការអភិវឌ្ឍមូលធនមនុស្ស ជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញ ពិពិធកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងភាពធន់។

លោក សុខ ពុទ្ធិវុធ បានបបន្ថែមថា ក្នុងន័យនេះ រាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន៥ សម្រាប់កសាងមូលធនមនុស្ស រឹងមាំ ក្នុងនោះទី១ គឺការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា។ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្តី្រនៃព្រះរាជាណាចក្រកម្ពុជា សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាមានគោលដៅដ៏ ច្បាស់លាស់មួយ គឺយើងត្រូវយកជ័យលាភីមេដាយជូនជាតិឲ្យខានតែបានទាំងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងព្រឹត្តិការណ៍កីឡាអន្តរជាតិផ្សេងៗទៀត។

ការប្រកួតជើងឯកប្រចាំឆ្នាំនេះសម្រាប់ដកស្រង់ពិសោធន៍បច្ចេកទេស ព្រមទាំងពង្រឹងសមត្ថភាពរបស់កីឡាករ- កីឡាការិនីដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡា SEA Game 33 នឹងប្រារព្ធឡើងនាថ្ងៃទី៩ ដល់ ២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ ដូចនេះ ខ្ញុំសូមលើកទឹកចិត្ត ជាពិសេសបំផុតដល់កីឡាករ-កីឡាការិនីរបស់យើងគ្រប់ៗរូប សូមធ្វើយ៉ាងណា ខិតខំតស៊ូហ្វឹកហាត់ឲ្យបានច្រើន និងទៀងទាត់ជាទីបំផុត ដើម្បីអាចនាំយកមេដាយជូនជាតិ មាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងទាំងអស់គ្នា។

លោក ស៊ិន សូផានណាក់ អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២៥ បានប្រារព្ធធ្វើរយៈពេល ២ ថ្ងៃ និងបានបញ្ចប់ដោយជោគជ័យដោយមានវិញ្ញាសាចំនួន ៤ រួមមានវិញ្ញាសាកាំភ្លើងវែងខ្យល់ឈរ ១០ ម៉ែត្រ វិញ្ញាសាកាំភ្លើងវែងជំហរបីប្រវែង ៥០ ម៉ែត្រ វិញ្ញាសាបាញ់ប្រតិកម្ម Standard (4 Stages) និងវិញ្ញាសាបាញ់ប្រតិកម្ម Production Optic (4 Stages)៕

ដោយ៖ លី ភីលីព

Most Popular

To Top