អង់គ្លេស៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតកីឡាករបាល់ទាត់ឆ្នើម និងជាប្រធានក្រុមជម្រើសជាតិ អង់គ្លេស លោក David Beckham និងអ្នកច្នៃម៉ូដ អ្នកនាង Victoria បានជាប់ឈ្មោះក្នុងចំណោម គ្រួសារអ្នកមានបំផុតនៅចក្រភពអង់គ្លេស ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៥០០ លានផោន (៦៦៨ លានដុល្លារអាមេរិក) ។
បញ្ជីដែលចងក្រងដោយ Sunday Times ត្រូវបានចេញផ្សាយ កាលពីសប្តាហ៍មុន ជាមួយនឹងបុគ្គល និងគ្រួសារ មានបំផុតចំនួន ៣៥០ នៅចក្រភពអង់គ្លេស ។ លោក Beckhams ជាប់ចំណាត់ថ្នាក់លេខ ២៧៣ ដោយកើនឡើង ២៤ ពិន្ទុធៀបនឹងឆ្នាំមុន។ ពួកគេបានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងបញ្ជីកាលឆ្នាំ ២០០២ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៣៥ លានផោន។
ទ្រព្យសម្បត្តិសុទ្ធដែលបានប៉ាន់ប្រមាណ របស់ពួកគេមានការកើនឡើង គួរឲ្យកត់សម្គាល់នៅឆ្នាំនេះ ហើយវាត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៤៥ លានផោនផ្សេងទៀត នៅចន្លោះឆ្នាំ ២០២៤ និង ២០២៥ ។
នេះបើយោងតាមសារព័ត៌មាន Daily Mail បានប្រាប់ឲ្យដឹងថា លោក David វ័យ ៥០ ឆ្នាំបានបន្តពង្រីកទ្រព្យសម្បត្តិ របស់លោកតាមរយៈការបណ្តាក់ទុនអាជីវកម្ម និងកិច្ចព្រមព្រៀងផ្សេងៗបន្ទាប់ពីចូលនិវត្តន៍ពីបាល់ទាត់អាជីព។ លោកបានក្លាយជាឯកអគ្គរដ្ឋទូតនៃម៉ាកយីហោពិភពលោកដូចជា Adidas Hugo Boss Haig Club Armani និង Maserati ក៏ដូចជាម៉ាកផ្ទាល់ខ្លួនរបស់លោក។
លោកក៏ជាសហម្ចាស់ក្លឹបបាល់ទាត់ អាមេរិក Inter Miami ហើយឥឡូវនេះ ជាកីឡាករបាល់ទាត់ មានជាងគេបំផុត ក្នុងចក្រភពអង់គ្លេស ។ អ្នកនាង Victoria ក៏បានរួមចំណែកយ៉ាងសំខាន់ ដល់ទ្រព្យសម្បត្តិគ្រួសារ តាមរយៈអាណាចក្រម៉ូដដែលកំពុងរីកចម្រើនរបស់នាង។ ម៉ាកយីហោដ៏ល្បីល្បាញរបស់នាងនៅតែបន្តរីកចម្រើន ដោយសារមួយផ្នែកចំពោះការគាំទ្រពីតារាល្បីៗដូចជា Eva Longoria, Kim Kardashian និង Gwyneth Paltrow ។
ជាមួយនឹងទ្រព្យសម្បត្តិដែលមានតម្លៃនៅពីក្រោយស្តេច Charles III តាមការប៉ាន់ស្មានប្រហែល ៦៤០ លានផោន ហើយអតីតកីឡាករបាល់ទាត់ឆ្នើម Beckhams ស្ថិតក្នុងចំណោមក្រុមអភិជននៃគ្រួសារអ្នកមានជនជាតិអង់គ្លេស៕
