ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន ក្លាយប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាដដែល ខណៈលោកព្រឹទ្ធាចារ្យ សំ សោភាន់ និងលោកព្រឹទ្ធាចារ្យ ស៊ឹម ទូច បានក្លាយជាអនុប្រធានអាណត្តិថ្មីទី ៨ ឆ្នាំ២០២៥-២០២៩ បន្ទាប់ពីសមាជិកប្រតិបត្តិសម្រេចបោះឆ្នោតជ្រើសរើសរូបលោកជាប្រធានដដែល ព្រមទាំងបន្ថែមអនុប្រធាន ២ រូប និងសមាជិកជាច្រើនរូប នៅមហាសន្និបាតសហព័ន្ធបញ្ចប់អាណត្តិទី៧ ២០២១-២០២៥ និងបន្តអាណត្តិទី៨ ២០២៥-២០២៩ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា។

ក្នុងឳកាសមហាសន្និបាតសហព័ន្ធកីឡាចំបាប់កម្ពុជាបញ្ចប់អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ និងបន្តអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ សមាជិកប្រតិបត្តិថ្មីចំនួន១៣រូបរបស់សហព័ន្ធកីឡាសហព័ន្ធ ដោយមានការអញ្ជើញ ចូលរួមជាសាក្សីពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក ស៊ីយ៉ុន ស្ថាពរ អនុប្រធាននាយកកីឡាជំនាញ និងកីឡាមហាជននៃក្រសួងអប់រំ យុវជន និងកីឡា ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលធនធានថ្នាល បង្កើនចំនួនអត្តពលិកទម្ងន់ធ្ងន់ ការគ្រប់គ្រងការងារប្រកបដោយតម្លាភាព និងត្រឹមត្រូវតាមក្រិតក្រម និងការអភិវឌ្ឍបច្ចេកទេស ទាំងធនធានអត្តពលិក អាជ្ញាកណ្ដាលចៅក្រម ក៏ដូចជាគណៈកម្មការជំនាញៗមួយចំនួន គឺជាការងារសំខាន់ៗដែលសហព័ន្ធកីឡាចំបាប់កម្ពុជាត្រូវធ្វើក្នុងអាណត្តិថ្មី ២០២៥-២០២៩។ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក Casey Douglas Barnett អនុប្រធានសហព័ន្ធបានចំណាយថវិកា និងពេលដ៏មានតម្លៃទំាងអស់ កម្លាំងកាយចិត្តជាមួយ សហព័ន្ធកីឡាមួយនេះឲ្យទទួលបានជោគជ័យគួរជាទីមោទនេះ។ លោកអនុប្រធានបានខិតខំជំរុញឲ្យមានវឌ្ឍនភាពនៃប្រភេទកីឡាចំបាប់នេះនៅកម្ពុជា ដោយលោកបានបញ្ចេញអស់កម្លាំងកាយចិត្ត នូវស្មារតីមោះមុតក្នុងការគាំទ្រ និងអភិវឌ្ឍន៍ប្រភេទកីឡានេះឲ្យកាន់តែល្បីល្បាញ ទាំងក្នុងប្រទេស តំបន់ និងលើឆាកអន្តរជាតិ ។

លោកប្រធានបានបញ្ជាក់ថា លោកនឹងខំប្រឹងដឹកនាំសហព័ន្ធប្រកបដោយសុភវិនិច្ឆ័យ តម្លាភាព និងគណនេយ្យភាព។ ស្វះស្វែង និងគៀងគររកថវិកាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សម្រាប់ការបម្រើដល់ការងាររដ្ឋបាល ការហ្វឹកហាត់ និងការប្រកួត ។ សម្រេចឲ្យបាននូវទិសដៅ និងផែនការយុទ្ធសាស្ត្រ របស់សហព័ន្ធ សម្រាប់អាណត្តិថ្មីរបស់ខ្ញុំ និងរៀបចំផែនការយុទ្ធសាស្ត្រ ត្រៀមរៀបចំការប្រកួត ទាំងកម្រិតជាតិ និងអន្តរជាតិ ។
សម្រាប់សមាជិកថ្មីអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ ចំនួន១៣រូប៖លោក វ៉ាត់ ចំរើន ជាប្រធាន លោកព្រឹទ្ធាចារ្យ សំ សោភាន់ លោកព្រឹទ្ធាចារ្យ ស៊ឹម ទូច លោក Casey Douglas Barnett លោកព្រឹទ្ធាចារ្យ ហុក ឈាងគីម អនុប្រធាន កញ្ញា កាង ណុចបវរ អគ្គលេខាធិការ លោក អន សុវឌ្ឍីយ៉ា អគ្គហេរញ្ញឹក លោកសី ចូវ សុធារ៉ា លោក កាង ដែនពិសិដ្ឋ លោក នុត សេរីរដ្ឋា លោក យឹង សុផាន់ណារ៉ា លោក នង គ្រឹះស្នា និងលោក នី ជាសិទ្ធិ ជាសមាជិក៕









