កីឡា

អបអរសាទរ ៖ ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃគ្រងតំណែងជើងឯក ពានរង្វាន់បាល់ទាត់មិត្តភាពអន្តរក្រសួង-ស្ថាប័ន ឆ្នាំ២០២៥

ភ្នំពេញ៖ ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ បានក្លាយម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់បាល់ទាត់មិត្តភាពអន្តរក្រសួង-ស្ថាប័នលើកទី១០ ឆ្នាំ២០២៥ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់ក្រសួងការពារជាតិនៅវគ្គផ្តាច់ព្រ័ត្រ។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោបានកោតសរសើរ និងថ្លែងអំណរគុណដល់កីឡាករទាំងអស់ដែលបានចូលរួមប្រកួតយ៉ាងស្វិតស្វាញ គោរពគោលការណ៍ការប្រកួត (Fair Play) និងជាពិសេស មានការយោគយល់អធ្យាស្រ័យគ្នាបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមថ្លែងំណរគុណដល់ក្រុមអាជ្ញាកណ្តាល គណៈកម្មការរៀបចំ អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានរៀបចំការបប្រកួតតាំងពីចាប់ផ្តើមពីវគ្គជម្រុះ រហូតដល់វគ្គផ្តាច់ព្រ័តប្រកបដោយភាពរលូន និងជោគជ័យ។

ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងគោលបំណងបង្កើនស្មារតីសាមគ្គីភាព មិត្តភាព និងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសបំផុសស្មារតីមន្ត្រីរាជការមកពីអង្គភាព/ស្ថាប័នខុសៗគ្នា និងវិជ្ជាជីវៈផ្សេងៗគ្នា ឱ្យស្រលាញ់ ចូលចិត្តលេងកីឡា ដើម្បីសុខភាព ស្របតាមពាក្យស្លោក «កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម» ដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការប្រកួតបាល់ទាត់មិត្តភាពអន្តរក្រសួង-ស្ថាប័ន មានគោលបំណងធំមួយគឺការរិតចំណងមិត្តភាពរវាងសមាជិក សមាជិកាដែលបម្រើការនៅក្រសួង-ស្ថាប័នខុសៗគ្នា ឱ្យបានស្គាល់គ្នា និងមានភាពស្និទ្ធស្នាលតាមរយៈកីឡា ដែលទាំងកីឡាករ និងអ្នកគាំទ្របានមកជួបគ្នានៅទីលានប្រកួតក្នុងបរិយាកាសសប្បាយរីករាយជាមួយគ្នា៕

ដោយ៖ លី ភីលីព

Most Popular

To Top