ភ្នំពេញ៖គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជាបានសហការជាមួយសាលាអប់រំពិសេសនៃការលូតលាស់ (Growing Special Education School) នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកម្មវិធី ត្រួតពិនិត្យសុខភាព និងការលេងកីឡាសម្រាប់ក្មេងបញ្ញាខ្សោយចាប់ពីអាយុ ២ ឆ្នាំរហូតដល់ ៧ ឆ្នាំ នៅសាលាអប់រំពិសេសនៃការលូតលាស់ស្ថិតនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ឃ្លាំង ចន្ធា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជាបានប្រាប់ឲ្យដឹងថា ថ្ងៃនេះគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជាបានរៀបចំកម្មវិធី ត្រួតពិនិត្យសុខភាព និងការលេងកីឡាសម្រាប់ក្មេងបញ្ញាខ្សោយចាប់ពីអាយុ ២ ឆ្នាំរហូតដល់ ៧ ឆ្នាំ នៅសាលាអប់រំពិសេសនៃការលូតលាស់យោងតាមផែនការមេរបស់គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា និងតាមការអង្អុលបង្ហាញរបស់លោក ជា សុមេធី រដ្ឋមន្តី្រក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានក្លាយជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា។

លោកអគ្គលេខាធិការបានបន្តថា ម៉្យាងវិញទៀត គណៈកម្មាធិការបានបន្តជំរុញ និងចូលរួមសហការជាមួយអង្គការដៃគូពាក់ព័ន្ធនានាបានជួយដល់ជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗបានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដូចជនមានពិការភាពដទៃៗទៀត និងជនមិនមានពិការភាពផងដែរ។ ទាំងនេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនមានពិការភាពគ្រប់ប្រភេទ និងជាការរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា។

មួយវិញទៀត ដោយការវិវឌ្ឍនៅមានកម្រិត ជាពិសេសចលនាកីឡាស្ប៉េស្យាល់អូឡាំពិក គឺពឹងផ្អែកលើការជួយឧបត្ថម្ភទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួយជំរុញលើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់ចលនាកីឡាស្ប៉េ ស្យាល់អូឡាំពិកនៅកម្ពុជាជារៀងរាល់ឆ្នាំ។ ចំពោះការងារនេះ គឺមានតែក្រុមគ្រួសារ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ-កីឡាការិនី ជនបញ្ញាខ្សោយប៉ុណ្ណោះជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមចលនាកីឡា។
គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីត្រួតពិនិត្យសុខភាពកីឡាករ កីឡាការិនី បញ្ញាខ្សោយចំនួន ១០០ នាក់ និងការលេងកីឡាសម្រាប់ក្មេងៗអាយុ ២-៧ ឆ្នាំ នៅសាលាអប់រំពិសេស នៃការលូតលាស់ រាជធានីភ្នំពេញ។ ក្នុងកម្មវិធីត្រួតពិនិត្យសុខភាពមានពីរផ្នែក គឺផ្នែកសុខភាពទូទៅ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត អ៊ុង សារ៉ាន់ និងផ្នែកសុខភាពមាត់ធ្មេញ ដឹកនាំដោយ លោកទន្តបណ្ឌិត សឺន សុផារិទ្ធ និងនិស្សិតពេទ្យស្ម័គ្រចិត្តចំនួន ២៦ នាក់ មកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ៕
ដោយ៖ លី ភីលីព









