ភ្នំពេញ ៖ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក ហួត សេងទី ប្រធាននាយកដ្ឋានរៀប ចំព្រឹត្តិការណ៍និងស្ថិតិកីឡា ព្រមទាំង ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំ នាយបេសកកម្មលើកទី២ និងចាប់ឆ្នោតបែងចែកពូល សម្រាប់ប្រភេទកីឡាក្រុម ដើម្បីត្រៀមរៀបចំការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ “កីឡាបង្កើនបញ្ញាស្មារតី” នៅសាលប្រជុំមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក ហួត សេងទី បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡា សិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសហព័ន្ធកីឡាជាតិទំាង១៤ និងស្ថាប័នពាក់ព័ន្ធនឹងរៀបចំចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ មាន១៤ប្រភេទកីឡា មានការ ចូលរួមពីប្រតិភូកីឡា ២៥រាជធានី ខេត្ត ។ ការប្រកួតនេះមានប្រតិភូកីឡាចូលរួមសរុបចំនួន ២៥ រាជធានី ខេត្ត ៣៦២០នាក់ ក្នុងនោះប្រតិភូ ៨៧ នាក់ ថ្នាក់ដឹកនាំ ប្រុស ១៨៩នាក់ ស្រី ១៥នាក់ គ្រូបង្វឹក ជំនួយ ប្រុស ៤១៣នាក់ ស្រី៦៦នាក់ និង កីឡាករ ១៥៨៩ នាក់ កីឡាការិនី ១២៦១ នាក់។

រីឯការប្រកួតខាងមានប្រព្រឹត្តិនៅទីតាំងចំនួន ១០ រួមមានពហុកីឡដ្ឋានជាតិ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យជាស៊ីម បឹងកេងកង វិទ្យាល័យ ព្រះស៊ីសុវត្ថិ វិទ្យាល័យច្បារអំពៅ វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ វិទ្យាល័យវត្តកោះ និងស.ស.យ.ក រាជធានីភ្នំពេញ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ដើម្បីឲ្យការប្រកួតដំណើរការរលូន និងទទួលបានជោគជ័យ ខ្ញុំសូមចូលរួមរំលឹក និងផ្តល់អនុសាសន៍ ដូចខាងក្រោម៖ សូមឲ្យប្រតិភូកីឡារាជធានី ខេត្ត ទាំងអស់តាមដានការធ្វើដំណើររបស់គ្រូបង្វឹក និងក្មួយៗកីឡាករ កីឡាការិនី ដែលត្រូវមកចូលរួមការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ តាមដំណាក់កាលៗ ដែលគណៈកម្មការរៀបចំការប្រកួត រៀបចំជូន និងសូមគោរពឲ្យបានតាមនិយាមបច្ចេកទេសដែលក្រសួងបាន កំណត់។ ប្រតិភូកីឡារាជធានី ខេត្ត រក្សាឲ្យបាននូវ ការយោគយល់ ការអធ្យាស្រ័យ និងការសហការគ្នា រវាងខេត្ត និងគណៈកម្មការ គ្រប់ផ្នែក ដើម្បីសម្របសម្រួលការងារចាំបាច់ទូទៅ ។

លោករដ្ឋលេខាធិការ បានបន្តថា ប្រតិភូកីឡារាជធានី ខេត្ត ត្រូវបន្តឲ្យមានការហាត់ សមរៀងរាល់មុនការ ប្រកួតរបស់ប្អូនកីឡាករ កីឡាការិនី ដើម្បីឲ្យប្រាកដថា ការចូលរួមប្រកួតមិនប៉ះពាល់ដល់សាច់ដុំ ឬបញ្ហាផ្សេងៗទៀត។ ទាំងអស់គ្នាត្រូវគោរពឲ្យបាននូវគោលការណ៍ត្រឹមត្រូវ និងសុក្រឹតក្នុងអនុញ្ញាតឲ្យកីឡាករ កីឡាការិនី តាមអាយុកំណត់ ដែលគណៈកម្មការរៀបចំការប្រកួត មានចែងក្នុងបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេសតាមប្រភេទកីឡានីមួយៗ។ ត្រូវចូលរួមក្នុងការវាយតម្លៃ និងធ្វើរបាយការណ៍អំពីសមាសភាពដែលមានភាពអសកម្ម និងចំណុចខ្វះខាតផ្សេងៗ ដើម្បីជាមូលដ្ឋានកែលម្អការរៀបចំប្រកួត ឲ្យបានកាន់តែល្អប្រសើរឡើង នាពេលអនាគត។
ត្រូវចូលរួមសហការ និង ដោះស្រាយបញ្ហាចំពោះការផ្សព្វផ្សាយនូវព័ត៌មាននានា ដែលនឹងផ្តល់នូវផលអវិជ្ជមាន មកកាន់ការប្រកួត ដោយត្រូវយកចិត្តទុកដាក់ និងរកដំណោះស្រាយឲ្យបានត្រឹមត្រូវ ព្រមទាំងទាន់ពេលវេលាទាំងអស់គ្នា។ ត្រូវយកចិត្តទុកដាក់ ចំពោះសុខភាព របស់គ្រូបង្វឹក និងក្មួយកីឡាករ កីឡាការិនី ដោយត្រូវសហការ ឬទំនាក់ទំនងជា មួយក្រុមគ្រូពេទ្យប្រចាំការ ទាំងទីតាំងស្នាក់នៅ និងទីលានប្រកួត ដើម្បីបង្ការបញ្ហាសុខភាព ដែលកើតឡើង ជាយថាហេតុណា មួយ ឬការចាំបាច់ត្រូវ ធ្វើការសង្រ្គោះបឋមផ្សេងៗ ដោយត្រូវសហការជាមួយ អាជ្ញាធរពាក់ព័ន្ធ ឲ្យបានជិតស្និទ្ធ ព្រមទាំងត្រូវមានសម្ភារពេទ្យ និង ទំនាក់ទំនងជាមន្ទីរពេទ្យជាមុន ។
សហការជាមួយអាជ្ញាធរ មូលដ្ឋាន ក្នុងការសម្របសម្រួលចរាចរណ៍សម្រាប់ប្រតិភូ កីឡាករ កីឡាការិនី នៅតាមបរិវេណទីលានប្រកួត ក្នុងករណីចាំបាច់ជំរុញ ការឲ្យមានប្រាស្រ័យ ទំនាក់ទំនងជិតស្និទ្ធរវាងគណៈកម្មការរៀប ចំការប្រកួត និងគណៈកម្មការជំនាញតាមសហព័ន្ធ ដើម្បីភាពងាយស្រួល លើការងារពាក់ព័ន្ធផ្សេងៗ នាពេលអនាគត៕




