ភ្នំពេញ ៖ នាថ្ងៃសៅរ៍ ទី៣១ ឧសភា ឆ្នាំ២០២៥ នឹងមានការប្រកួតបាល់ទាត់ សប្បុរសធម៌រវាងក្រុម ស.ស.យ.ក អលស្តារ និងក្រុមផ្ការីកគ្រប់រដូវ ព្រមជាមួយពិធិបើកជាផ្លូវការ នូវព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEA GUE លើកទី៨ ឆ្នាំ២០២៥ នៅពហុកីឡាដ្ឋានជាតិអូរឡាំពិក ដែលរៀបចំដោយសហភាព សហព័ន្ធយុវជនកម្ពុជា សហការជាមួយសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ព្រមទាំងដៃគូឧបត្ថម្ភនានា ។
ការប្រកួតបាល់ទាត់ សប្បុរសធម៌ ប្រព្រឹត្តទៅក្រោមគំនិតផ្តួចផ្តើម របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីឲ្យយុវជន នាំលេងកីឡា ក្នុងគោលបំណងបង្កើន ស្មារតីសាមគ្គីភាព មិត្តភាព និងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ។
ជាពិសេសបំផុសស្មារតី មន្ត្រីរាជការមកពីអង្គភាព ស្ថាប័នខុសៗគ្នា និងវិជ្ជាជីវៈផ្សេងៗគ្នាឲ្យស្រលាញ់ ចូលចិត្តលេងកីឡា ដើម្បីសុខភាព ស្របតាមពាក្យស្លោក «កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម» ដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ការប្រកួតបាល់ទាត់នេះ មានគោលបំណងធំមួយ គឺការរិតចំណងមិត្តភាពរវាងសមាជិក សមាជិកា ដែលបម្រើការនៅក្រសួង ស្ថាប័នខុសៗគ្នាឲ្យបានស្គាល់គ្នា និងមានភាពស្និទ្ធស្នាលតាមរយៈកីឡា ដែលទាំងកីឡាករ និងអ្នកគាំទ្របានមកជួបគ្នា នៅទីលានប្រកួតក្នុង បរិយាកាសសប្បាយរីករាយ ជាមួយគ្នា។
ប្រញាប់ឡើងណា ចំណាយត្រឹមតែ ២០,០០០រៀល នឹងទទួលបានសំបុត្រ មើលបាល់ទាត់ + អាវយឺត ១ភ្លាមៗ លោកអ្នកអាចរកទិញ សំបុត្រនៅខាងមុខ ពហុកីឡាដ្ឋានជាតិអូឡាំពិក ៕
