កីឡា

កីឡាការិនីវ័យ ១៦ ឆ្នាំ ហេង ម៉ាលីស និងកីឡាករ តេក្វាន់ដូ WT ២នាក់ទៀត ត្រៀមខ្លួការប្រកួត កីឡាយុវជនអាស៊ី នៅបារ៉ែន

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី ស្ថិតនៅក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ WT កម្ពុជាកំពុងបង្កើន ការហ្វឹកហាត់ដុស ខាត់គុណភាព បច្ចេកទេសយ៉ាង សកម្មភាពជាមួយលោកគ្រូបង្វឹក ឆយ យ៉ុងសុក រៀងរាល់ថ្ងៃមជ្ឈមណ្ឌលជាតិ ហ្វឹកហាត់កីឡា ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាយុវជនជើងឯកអាស៊ី នៅប្រទេសបារ៉ែន នាខែតុលា ឆ្នាំ២០២៥ ខណៈប្រទេសកម្ពុជានឹងបញ្ជូនកីឡាជិត ២០ ប្រភេទកីឡាចូលរួម ។

លោកគ្រូបង្វឹក ឆយ យ៉ុងសុក បានប្រាប់ឲ្យដឹងថា ប្រកួតកីឡា យុវជនជើងឯកអាស៊ី នៅប្រទេសបារ៉ែន នាខែតុលាខាងមុខនេះ នឹងបញ្ជូនកីឡាករ-កីឡាការិនី ៣ នាក់ ក្នុងកីឡាករ ២ នាក់ និងកីឡាការិនី ១ នាក់ ។ សព្វថ្ងៃនេះអត្តពលិកកំពុង ហ្វឹកហាត់ត្រៀមខ្លួនយ៉ាងសកម្ម ៣ ពេល ក្នុង១ថ្ងៃ នេះជាការខិតខំប្រឹងប្រែង របស់កីឡាករ-កីឡាការិនី ដោយសារការប្រកួត ខាងលើកនេះ ជាលើកដំបូង សម្រាប់អត្តពលិកវ័យ ក្មេងសម្រាប់កីឡាតេក្វាន់ដូ WT ។

កីឡាការិនីវ័យ ១៦ ឆ្នាំ ហេង ម៉ាលីស បានលើកឡើងថា ខ្លួនបានចូលរួមហ្វឹកហាត់រយៈពេល ៣ ឆ្នាំមកហើយៗ កីឡាការិនីតេក្វាន់ដូ WT រូបនេះក៏បង្ហាញក្តីរីករាយជាខ្លាំង ត្រូវបានគ្រូធំជម្រើសជាតិកម្ពុជា លោក ឆយ យ៉ុងសុក បានជ្រើសរើសតំណាងជាតិ ត្រៀមប្រកួតកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន ឆ្នាំ២០២៥។ កីឡាការិនី ហេង ម៉ាលីស បានបង្ហាញពីការប្តេជ្ញាខ្ពស់ថា នាងនឹងបន្តប្រឹងប្រែងការ ហ្វឹកហាត់ឲ្យបានខ្លាំងក្លា តាមកម្មវិធីហ្វឹកហាត់របស់គ្រូបង្វឹកដាក់ឱ្យ និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព សម្រាប់ការប្រកួតយុវជនអាស៊ី នៅប្រទេសបារ៉ែន នាខែតុលា ខាងមុខនេះ ។

កីឡាការិនី ហេង ម៉ាលីស គូសបញ្ជាក់ថា ឪពុកម្តាយរបស់នាងតែង តែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងមានមោទនភាពផងដែរ ដែល ហេង ម៉ាលីស បានចូលរួមប្រកួតតំណាងជាតិ ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ជាលើកដំបូងរបស់ខ្លួន ។ ប្រសិនបើការខិតខំរបស់នាងខ្ញុំបានជោគជ័យ តាមរយៈការឈ្នះមេដាយ ក្នុងកម្រិតណាមួយ យកមកជូនជាតិបានមែន នាងខ្ញុំពិតជាមានមោទនភាព ខ្លាំងណាស់ សម្រាប់ការលើកមុខមាត់ប្រទេសជាតិ ខេមរសហព័ន្ធតេក្វាន់ដូ ក្រុមគ្រួសារ និងនាងខ្ញុំផ្ទាល់ ។

ស្ថិតក្នុងវ័យ១៦ឆ្នាំ កីឡាការិនី ជម្រើសជាតិ ហេង ម៉ាលីស បានបន្ថែមថា ខ្លួនតែងតែទទួលបានការណែ នាំពីសិស្សច្បងជាច្រើននាក់ ក្នុងការទទួលយក នូវការចែករំលែកបទពិសោធ ការហ្វឹកហាត់ និងការប្រកួតអន្តរជាតិ របស់ពួកគាត់កន្លងមក ។ ជាមួយនឹងការប្តេជ្ញាចិត្តនេះ ហេង ម៉ាលីស សង្ឃឹមថា ២-៣ទៀត នាងនឹងអាចឈានដល់ កម្រិតគុណភាពបច្ចេកទេសខ្ពស់ៗដូចសិស្សច្បងរបស់ខ្លួនផងដែរ ។

គួរបញ្ជាក់ថា កីឡាការិនី ហេង ម៉ាលីស ជាក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ WT ជាសិស្សរបស់ក្លឹបកីឡាតេក្វាន់ដូ WT វិទ្យាល័យហ៊ុន សែន សេរីភាព និងជាអតីតសិស្ស វិទ្យាល័យហ៊ុន សែន សេរីភាព តំណាងប្រទេសកម្ពុជា ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ី នាខែតុលា ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន៕

Most Popular

To Top