អ៊ុយរូហ្គាយ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា វីរបុរសក្លឹបបាល់ទាត់ Barcelona កីឡាករ Luis Suarez និងកីឡាករ Lionel Messi បានសហការគ្នាបង្កើតក្លឹបបាល់ទាត់ថ្មីមួយ ដែលមានឈ្មោះថា Deportivo LSM ដែលមានមូលដ្ឋាននៅប្រទេសអ៊ុយរូហ្គាយ។
កីឡាករ Suarez បានប្រកាសតាមរយៈបណ្តាញសង្គម Instagram កាលពីថ្ងៃអង្គារថា ក្លឹបដែលពីមុនត្រូវបានគេស្គាល់ថា Deportivo LS ត្រូវបានប្តូរឈ្មោះជាផ្លូវការ ទៅជា Deportivo LSM ហើយនឹងប្រកួតប្រជែង ក្នុងក្របខណ្ឌ Division D កម្រិតទី ៤ របស់អ៊ុយរូហ្គាយ ក្រោមសហព័ន្ធបាល់ទាត់ អ៊ុយរូហ្គាយ (AUF) ។
លោក Suarez ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ គ្រប់ពេលរបស់អ៊ុយរូហ្គាយ បាននិយាយថា យើងមានសមាជិកជាង ៣,000 នាក់ ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងអ្នកជំនាញជាង ៨០ នាក់ ដែលធ្វើការជារៀងរាល់ថ្ងៃ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍របស់កុមារ និងក្មេងជំទង់ ។ យើងចង់ផ្តល់ឲ្យយុវជននូវឱកាស និងឧបករណ៍ដែលយើងមិនបានធំឡើង ។
អង្គុយក្បែរ លោក Suarez ក្នុងវីដេអូ គឺលោក Lionel Messi ជាមិត្តដ៏យូរលង់របស់លោក និងជាអតីតមិត្តរួមក្រុមនៅ Barcelona និង Inter Miami ។លោក Messi បានបង្ហាញពីក្តីរំភើបរបស់លោក ចំពោះការចូលរួមក្នុងគម្រោងនេះ ហើយបានសន្យាថានឹងរួមចំណែកដល់ការអភិវឌ្ឍន៍របស់ខ្លួន។
លោក Messi បាននិយាយថា វាជាកិត្តិយស និងរីករាយដែលអ្នកបានអញ្ជើញខ្ញុំ នេះជាគម្រោងដែលអ្នកបានសាងសង់អស់ជាច្រើនឆ្នាំមកហើយ ហើយឥឡូវនេះការក្លាយជាផ្នែកមួយជាមួយអ្នក គឺពិសេសខ្លាំងណាស់។ ការប្រកាសនេះធ្វើឡើងស្របពេលជាមួយនឹងការបើកដំណើរការគណនី Instagram ផ្លូវការរបស់ Deportivo LSM ដែលបានទាក់ទាញអ្នកតាមដានជាង ៤០,000 នាក់ក្នុងរយៈពេល ២ ម៉ោង។
មូលដ្ឋានគ្រឹះសម្រាប់ក្លឹបនេះត្រូវបានដាក់នៅឆ្នាំ ២០១៨ នៅពេលគ្រួសារ លោក Suarez បានបើកកន្លែងកីឡាទំហំ ៨ ហិកតានៅ Ciudad de la Costa ជាយក្រុង Montevideo ប្រទេសអ៊ុយរូហ្គាយ។ កន្លែងនេះរួមមានកីឡដ្ឋានស្មៅសិប្បនិម្មិត ដែលមានសមត្ថភាពអ្នកទស្សនា ១,៤០០ នាក់ កន្លែងហ្វឹកហាត់ជាច្រើន និងកម្មវិធីសម្រាប់មូលដ្ឋានសមាជិកភាព ដែលកំពុងកើនឡើងរបស់វា៕
