ភ្នំពេញ៖ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានរៀបចំមហាសន្និបាត បូកសរុបលទ្ធផល ការងារអាណត្តិទី២ ឆ្នាំ២០២១-២០២៥ និងបោះឆ្នោតជ្រើសរើស គណៈកម្មាធិការប្រតិបត្តិថ្មី អាណត្តិទី៣ ឆ្នាំ២០២៥-២០២៩ របស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាសាលប្រជុំ ក មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

មហាសន្និបាតខាងលើនេះ សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិចាស់ បានសម្រេចចិត្តបោះឆ្នោតជ្រើសរើស លោក ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានសហព័ន្ធ កីឡាម៉ូតូទឹកកម្ពុជាដដែល ខណៈលោក ហួត សេងទី្រ ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ជាអនុប្រធាន សហព័ន្ធ កីឡាម៉ូតូទឹកកម្ពុជា ។

ក្នុងឱកាសឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិថ្មីដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោក ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបេសកកម្មពិសេសនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក វ៉ា វណ្ណៈ អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ណុះ ស្លេះ បានប្រសាសន៍ថា សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីទំាងអស់សូមបន្តចូលរួមអភិឌ្ឍនប្រភេទកីឡាម៉ូតូទឹកកាន់តែរីកចម្រើន និងទទួលបានលទ្ធផលថ្មីៗបន្ថែមទៀតលើឆាកអន្តរជាតិ ។ សហព័ន្ធប្តេជ្ញា និងជំរុញដើម្បីការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសកម្លាំងស្មារតីនេះបានធ្វើឲ្យប្រភេទកីឡាម៉ូតូទឹកកម្ពុជា បានកសាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ជាក់ស្តែងដូចជាសមិទ្ធផលស៊ីហ្គេម ឆ្នាំ២០២៣ជាដើម។

លោកបានបន្តថា ជាមួយនឹង សមិទ្ធសម្រាប់ការប្រឹងប្រែងក្នុងស្មារតីសាមគ្គីភាព លោកក៏បានលើកបង្ហាញ នូវបញ្ហាប្រឈមជាច្រើន ទាំងក្នុងការរៀបចំការ ប្រកួតអន្តរជាតិធំៗ ដោយសហព័ន្ធបានពុះពារការលំបាក ដែលបានបង្ហាញពីភាពរឹងមាំ កម្លាំងសាមគ្គីភាពរួមបញ្ជូលគ្នារវាងកីឡាករ និងសមាជិកគណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធ ព្រមទាំងអ្នកឧបត្ថម្ភគាំទ្រផ្សេងៗទៀត ។
បើទោះបីជាការរួមចំណែក របស់ភាគីពាក់ព័ន្ធលើផ្នែកថវិកា សម្ភារ និងគំនិតយោបល់ក្តី ក៏ទាំងអស់នេះ គឺជាឫសគល់នូវការពូនជ្រុំនៃកម្លាំងសាមគ្គីភាព ដែលរុញឲ្យប្រភេទកីឡាម៉ូតូទឹកកម្ពុជា ទទួលបានសមិទ្ធផលធំៗជាបន្តបន្ទាប់ ៕
ដោយ៖លី ភីលីព




