កីឡា

លោក ហែម គីរី ៖ ការប្រកួតហែលទឹកវ័យចាស់ធ្វើឡើងដើម្បីបង្កើតមិត្តភាព និងសាមគ្គីរវាងជនជាតិខ្មែរ និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ការប្រកួតកីឡាហែលទឹកវ័យចាស់ (KSF Master Swimming Competition 2025) របស់សហព័ន្ធខ្មែរកីឡាហែលទឹកដែលប្រព្រឹត្តិទៅនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅអាងហែលទឹកនៃពហុកឡដ្ឋានជាតិ រាជធានីភ្នំពេញ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ជនជាតិខ្មែរ និងជនជាតិបរទេសច្រើនជាងលើកទី១ ដែលបានបង្ហាញពីរីកចម្រើនលើវិស័យកីឡាហែលទឹកកម្ពុជានាពេលបច្ចុប្បន្ន ខណៈវិស័យឯកជនជំរុញឲ្យបុគ្គលិកលេងកីឡាហែលទឹក។

លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាហែលទឹកវ័យចាស់លើក់ទី២ បានបញ្ចប់ដោយជោគជ័យដែលមានចូលរួមពីមហាជន និងកីឡាករ-កីឡាការិនីហែលទឹកតាមកម្រិតអាយុមានចំនួន ៣២ នាក់ មានការកើនឡើងគួរសមជាងលើកទី១ ក្នុងនោះកីឡាករ-កីឡាការិនីហែលទឹកជនជាតិបរទេសចូលរួមច្រើនជាងគេ។ សហព័ន្ធខ្មែរកីឡាហែលទឹកមានគោលបំណងចង់ផ្តល់ឱកាសដល់មហាជនទំាងជនជាតិខ្មែរ និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជា ចូលរួម ពិសេសបងៗស្រលាញ់វិស័យកីឡាហែលទឹក និងផ្តោតទៅលើការចូលរួមដើម្បីបង្កើតមិត្តភាព និងសាមគ្គីរវាងជនជាតិខ្មែរ និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជាតែម្តង។

លោកអគ្គលេខាធិការ បានបន្តថា បងៗដែលបានចូលរួមបានស្នើសុំឲ្យសហព័ន្ធខ្មែរកីឡាហែលទឹកកម្មវិធីនេះឲ្យបានច្រើន ពីព្រោះសកម្មភាពបានបង្កើតភាពសប្បាយរីករាយជូនចូលរួម ។ សព្វថ្ងៃនេះ ការប្រកួតកីឡាហែលទឹកវ័យចាស់ (K SF Master Swimming Competition 2025) ពុំមានក្រុមហ៊ុនជាដៃគូជួយឧបត្ថម្ភការប្រកួតនេះឡើយ ប៉ុន្តែសកម្មភាពសហព័ន្ធចង់បំផុសពីគុណប្រយោជន៍ផ្នែកសុខភាពដល់ប្រជាជនកម្ពុជា និងបរទេសទំាងអស់រស់នៅក្នុងប្រទេសកម្ពុជា។

លោកបានបញ្ជាកថា ការប្រកួតលើកទី២ មានកីឡាករ-កីឡាការិនី និងបងៗ ដែលស្រលាញ់កីឡាហែលទឹក គាត់តែងតែង ហ្វឹកហាត់ ដើម្បីសុខភាពក្តី និងសប្បាយចិត្ត ទើបសហព័ន្ធសម្រេចចិត្តរៀបចំ ឲ្យគាត់ចូលរួម ប្រកួតបង្ហាញសមត្ថភាពផ្ទាល់ទៀតផង ព្រមទំាងហ្វឹកហាត់បន្ថែមទៀតដើម្បីការប្រកួតកីឡាហែលទឹកវ័យចាស់ (Master Swimming Competition) ។

ចំណុចសំខាន់ចង់បាន គឺជាប្រមូលធនធានមហាជន និងអត្តពលិមចូលនិវត្តន៍ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីវ័យចាស់ចូលរួមការប្រកួតកីឡាហែលទឹកវ័យចាស់កម្រិតអន្តរជាតិ ដោយសារសហព័ន្ធហែលទឹកអន្តរជាតិបានរៀបចំការប្រកួតកីឡាហែលទឹកវ័យចាស់ជើងឯកពិភពលោកជារៀងរាល់ឆ្នាំ៕

ដោយ៖ លី ភីលីព

Most Popular

To Top