កីឡា

លោកហ៊ុន ម៉ានី អញ្ជើញចូលរួមពិធីបើកការ​ ប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ ២០២៥ ក្រោមមូលបទ «ស្មារតីកីឡា ដើម្បីយុវជនសង្គមយើង»

ភ្នំពេញ ៖ នាងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពជា និងជាប្រធានគណ:កម្មការ SOCCER LEAGUE និង ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិSOCCER LEAGUE បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ខៀវ ភារិទ្ធ សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការប្រតិបត្តិ រៀបចំការប្រកួត SOCCER LEAGUE បានមានប្រសាសន៍ថា SOCCER LEAGUE បានចូលរួមចំណែក យ៉ាងសកម្ម ជាមួយរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា ក្នុងការបំផុស​​​ ស្មា​រតីសាមគ្គីភាព ជាពិសេសក្នុងការបង្កើតធនធានមនុស្ស ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនរើសអើង ពណ៌សម្បុរ សាសនា ឋានៈ បុណ្យស័ក្តិ និង និន្នាការនយោបាយឡើយ ព្រមទាំងជាវេទិកា ផ្តល់ឱកាសដល់យុវជន មកពីគ្រប់ទិស ទីបណ្តារាជធានី-ខេត្ត មានឱកាសក្នុងការបញ្ចេញសមត្ថភាពដោយស្មើភាពគ្នា នៅលើទីលានវាលស្មៅដោយផ្ទាល់ ប្រកបដោយតម្លាភាពផងដែរ ។

គណៈកម្មការប្រតិបត្តិ SOCCER LEAUGE នៅតែបន្តបេសកកម្ម ក្នុងការស្វែងរកអ្វីដែល ថ្មី និងប្លែកៗជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទាត់ នៅកម្ពុជា និងដើម្បីពង្រឹងយុវជនឱ្យមានសមត្ថភាព មានស្មារតីសាមគ្គីភាព មានសុខភាពល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ អាចនិយាយបានយ៉ាងសាមញ្ញថា SOCCER LEAGUE គឺជាការប្រកួតកីឡាក្នុងមហាគ្រួសារយុវជន ព្រមទាំងជួយបំផុសស្មារតី កីឡាបាល់ទាត់ទាំងផ្នែកបុរស និងនារីឱ្យកាន់តែមានសន្ទុះ និងមានវត្តមានទាំងលើឆាកជាតិ និង អន្តរជាតិជាបន្តបន្ទាប់ ។

លើសពីការប្រកួត ក្នុងឆ្នាំ២០២៤ កន្លងមកនេះ គណៈកម្មការ ក៏បានរៀបចំឲ្យមានការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌រវាងក្រុម ស.ស.យ.ក. អលស្តារ ជាមួយនឹងក្រុមផ្ការីក គ្រប់រដូវ របស់នាយពាក់មី ក្រោមមូលបទ “បេះដូងអ្នកកីឡាដើម្បីកុមារកម្ពុជា” ដើម្បីជាការផ្សារភ្ជាប់ រវាងវិស័យកីឡា ទៅនឹងកម្មវិធីមនុស្សធម៌ តាមរយៈការលក់សំបុត្រចូលរួមទស្សនា និងបាន ទទួលការជួយឧបត្ថម្ភ ពីបណ្តាក្រុមហ៊ុន និងសប្បុរសជននានា ដោយប្រមូលថវិកា បានសរុបចំនួន ៤៦០.១៦១.៦០០រៀល ដែលថវិកានេះត្រូវបានបរិច្ចាគជូនដល់ មន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ សៀល នៅខេត្តកំពត និងមន្ទីរពេទ្យកុមារជាតិ ផងដែរ។
រីឯព្រឹត្តការណ៍ដ៏អស្ចារ្យនាថ្ងៃនេះ ឆ្លើយតបទៅនឹងសំណូមពររបស់ លោកពាក់មី យើងនឹង មានការរៀបចំការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពសប្បុរសធម៌ លើកទី២ ក្រោមមូលបទ “ស្មារតីកីឡាដើម្បីយុវជនសង្គមយើង”។ គោលបំណង នៃការរៀបចំនេះ ក៏មិនខុសពីឆ្នាំកន្លងទៅ ដែរ គឺដើម្បីស្វែងរកថវិកា ជួយដល់កុមារកម្ពុជា ក៏ដូចជាមន្ទីរពេទ្យ ដែលកំពុងត្រូវការជំនួយជាចាំបាច់ ។

លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ បានចូលរួមក្នុងការប្រកួត កីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥ ក្រោមមូលបទ «ស្មារតីកីឡាដើម្បីយុវជនសង្គមយើង»។ លោកក៏បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត ដោយលោកបានគូសបញ្ជាក់ផងដែរថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់នេះ មានគោលបំណង បង្កើនឱកាសថ្មីៗ ឲ្យយុវជនដែលមក ពីអង្គភាព-ស្ថាប័នផ្សេងៗគ្នា ដើម្បីចូលរួម បង្កើត និងបង្កើនទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព ក្នុងបរិយាកាសស្និទ្ធស្នាល រួមគ្នាជាចំណែក ដើម្បីអភិវឌ្ឍប្រទេសជាតិ ៕

Most Popular

To Top