កីឡា

ក្រុមអត្តពលិកហាប់គីដូកម្ពុជា នឹងចូលរួម 2″d South East Asia Hapkids Championship 2025” នៅឥណ្ឌូណេស៊ី

ភ្នំពេញ ៖ សហព័ន្ធកីឡាហាប់គីដូកម្ពុជា នឹងបញ្ជូនមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូជំនួយ និង កីឡាករ-កីឡាការិនីចំនួន១៥ នាក់ទៅចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ “2″d South East Asia Hapkids Championship 2025” នៅទីក្រុងYogyakarta ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូកម្ពុជា បានប្រាប់ឲ្យដឹងថា ដោយបានអនុញ្ញាត ពីប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា ឧកញ៉ា សៅ សេងហាក់ ត្រៀមបញ្ជូនមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូជំនួយ និង កីឡាករ-កីឡាការិនីចំនួន១៥ នាក់ចូលរួមការប្រកួត កីឡាហាប់គីដូជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ ក្នុងនោះកីឡាករ ៧ នាក់ និង កីឡាការិនី ៤ នាក់។
សហព័ន្ធអន្តរជាតិ បានអញ្ញាតឲ្យក្រុមអត្តពលិកហាប់គីដូកម្ពុជា ក្នុងម្នាក់ប្រកួតបាន ៣ វិញ្ញាសា ដូច្នេះកីឡាករ-កីឡាការិនីចំនួន ១១ ចូលរួមគ្រប់វិញ្ញាសា ទាំងអស់ ។

លោកអគ្គលេខាធិការបានបន្តថា ការប្រកួតជើងឯក អាស៊ីអាគ្នេយ៍ឆ្នាំនេះមាន ៨ ប្រទេសចូលរួម ក៏ជាប្រទេស ដែលសម្បូរទៅដោយកីឡាករ-កីឡាការិនី ជើងខ្លាំងដែរ ។ ចំណែកក្រុមកីឡាកម្ពុជាក៏បានត្រៀមខ្លួនខ្លះ ដោយសារយើងនៅខ្វះកម្រិត បច្ចេកទេសបន្តិចទៀត សព្វថ្ងៃនេះយើងកំពុងធ្វើការ ហ្វឹកហាត់យ៉ាងសកម្ម ពីព្រោះការប្រកួតលើកនេះ យើងត្រូវគោរព តាមលក្ខខណ្ឌរបស់សហព័ន្ធអន្តរជាតិ ។

លោក គង់ ចាន់ធីណា បានបញ្ជាក់ថា សហព័ន្ធកីឡាហាប់គីដូកម្ពុជាសព្វថ្ងៃនេះធ្វើដំណើរទៅមុខ ដោយសារប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា ឧកញ៉ា សៅ សេងហាក់ លោក គួច ហុង ជៀក អនុប្រធានសហព័ន្ធ និងសមាជិក របស់សហព័ន្ធកីឡា មិនទាន់មានការជួយឧបត្ថម្ភពីក្រុមហ៊ុនឯកជន និងក្រសួងអប់រំ យុវជន និងកីឡា ដូចសហព័ន្ធកីឡាជាតិនានាឡើយ ។ រាល់ចំណាយគ្រប់បែបយ៉ាង និងការប្រកួតជើងឯកថ្នាក់ជាតិ របស់សហព័ន្ធកីឡាហាប់គីដូកម្ពុជា ជាថវិកាឧកញ៉ា សៅ សេងហាក់ សហព័ន្ធកីឡាហាប់គីដូកម្ពុជា និងលោក គួច ហុង ជៀក អនុប្រធានសហព័ន្ធ៕

Most Popular

To Top