កីឡា

លោក ខេស៊ី បាណេត ៖ កាផលិតធនធាន អត្តពលិកនៅគ្រឹះស្ថានឧត្តមសិក្សា ជាប្រភពដ៏សំខាន់ ក្នុងការចូលរួមអភិឌ្ឍន ជាមួយសហព័ន្ធកីឡាជាតិ

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន ខេមអេដ បានលើកឡើងថា ការផលិតធនធានកីឡាករ កីឡាការិនី តាមប្រភេទកីឡានានា តាមរយៈការរៀបចំការប្រកួតជារៀងរាល់ឆ្នាំ នៅតាមគ្រឹះស្ថានឧត្តមសិក្សា គឺ ជាប្រភពដ៏សំខាន់ ក្នុងការចូលរួមជួយអភិវឌ្ឍធនធាន អត្តពលិកជាមួយ សហព័ន្ធកីឡាជាតិនានា។

នេះជាការលើកឡើង របស់លោក ខេស៊ី បាណេត នៅក្នុងឱកាសបិទបញ្ចប់ដោយជោគជ័យ ការប្រកួតកីឡា បាល់ទាត់ក្នុងសាល ពានរង្វាន់វិទ្យាស្ថាន ខេមអេដ (CamEd Women’s Futsal Tournament) រដូវកាល ២០២៥ កាលពីល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ខេស៊ី បាណេត គូសបញ្ជាក់ថា វិទ្យាស្ថាន ខេមអេដ និងគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗទៀត នឹងវិនិយោគក្នុងវិស័យកីឡា ឱ្យកាន់តែច្រើន ក្នុងការប្រកួតប្រជែង ក្នុងកម្រិតឧត្តមសិក្សា។ ជាធម្មតា នៅប្រទេសផ្សេងៗ កីឡាករ កីឡាការិនី នៅតាមកម្រិតឧត្តមសិក្សា គឺជាប្រភព ដ៏សំខាន់ សម្រាប់ការជ្រើសរើស ធនធានចូលរួម ជាមួយក្រុមជម្រើសជាតិ នៅតាមសហព័ន្ធកីឡា ជំនាញនីមួយៗ។ ដូច្នេះហើយ បើយើងបង្កើតវប្បធម៌កីឡា ក្នុងវិស័យឧត្តមសិក្សា កាន់តែច្រើន វានឹងអាចជួយផ្តល់ធនធានកាន់តែច្រើនចូលរួមជាមួយជាតិ ក្នុងការត្រៀមឆ្ពោះ ទៅចូលរួមប្រកួតអន្តរជាតិផងដែរ។ នៅក្នុងការប្រកួតកីឡា សាកលវិទ្យាល័យថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ខេមអេដ តែងតែបានចូលរួម ប្រកួតលើប្រភេទកីឡាជាច្រើនយ៉ាងសកម្ម ហើយតែងតែទទួល បានលទ្ធផលល្អប្រសើរ ជាពិសេសកាលពីឆ្នាំ២០២៤កន្លងទៅ ខេមអេដ ដណ្តើបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេស។

នាយកវិទ្យាស្ថានរូបនេះ បន្ថែមថា យើងចង់បង្កើតវប្បធម៌ នៃការលេងកីឡានៅប្រទេសកម្ពុជា ខណៈកម្ពុជាកំពុង ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា យុវជនអាស៊ី ឆ្នាំ២០២៩។ យើងចង់ឱ្យនិស្សិត របស់យើងធ្វើជាគំរូដល់យុវជនផ្សេងៗ ក្នុងការបំផុសស្មារតីចូលរួមលេងកីឡា ដើម្បីឱ្យមានសុខភាពល្អ។ ក្នុងចំណោមកីឡាការិនីបាល់ទាត់ក្នុងសាលទាំង ១០៤នាក់ គឺមានធនធានកីឡាការិនីមួយចំនួនមានទេពកោសល្យល្អៗ ដែលអាចចូលរួមហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិបាន។ ជារៀងរាល់ឆ្នាំ វិទ្យាស្ថាន ខេមអេដ តែងតែបានរៀបចំការ ប្រកួតលើប្រភេទកីឡាចំនួន១៥ ដើម្បីបំផុសស្មារតីកីឡាករ កីឡាការិនី ដែលជានិស្សិតរបស់ខ្លួនចូលរួមលេងកីឡា និងព្យាយាមធ្វើជាគំរូ ក្នុងវិស័យ សិក្សាកម្រិតឧត្តមសិក្សា ដើម្បីស្វែងរកធនធានឆ្នើមៗ ចូលរួមប្រកួតប្រជែងក្នុង ការប្រកួតកីឡាឧត្តមសិក្សាថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកបន្ថែមថា បើទោះបីជា ខេមអេដ ផ្តោតលើ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុក្តី ក៏តាមរយៈការរៀបចំព្រឹត្តិការណ៍ កីឡានេះជួយជំរុញឱ្យក្រុមកីឡារិនីជានិស្សិតរបស់ខ្លួនបានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាពិសេសបណ្តុះឱ្យពួកគាត់ចេះធ្វើការជាក្រុម ចេះធ្វើការក្រោមសម្ពាធ ដើម្បីឱ្យពួកគាត់ទទួលបាននូវបទពិសោធទាំងកម្លាំង និងលទ្ធផលជោគជ័យ។

ការប្រកួតកីឡាបាល់ទាត់ក្នុងសាល ពានរង្វាន់ខេមអេដ រដូវកាល ២០២៥ មានកីឡាការិនីជានិស្សិតរបស់ខ្លួនចូលរួមសរុប ១០៤នាក់ ស្មើនឹង១០ក្រុម ដោយចំនួននេះកើនឡើងជាងឆ្នាំមុន។ ចំពោះក្រុមជ័យលាភី រួមមាន៖ ក្រុមកីឡាការិនី Wild Cats ដណ្តើមបានម្ចាស់ជើងឯក បន្ទាប់ពីឈ្នះក្រុម Xiongmei FT ដោយលទ្ធផល ៥-០ នៅវគ្គផ្តាច់ព្រ័ត្រ (ជើងឯករង) រីឯក្រុមលេខ៣ បានទៅលើក្រុម Powerpuff Girls ខណៈក្រុមចំណាត់លេខ៤ បានទៅក្រុម Supernova ហើយក្រុមនេះទទួលបានជ័យ លាភីជាក្រុមលេងដោយយុត្តិធម៌ផងដែរ។ ក្រៅពីនេះ ក៏មានជ័យលាភីឯកត្តជន មួយចំនួនទៀតដែរ៕

Most Popular

To Top