ភ្នំពេញ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញចូលរួមពីធីបើក វគ្គសិក្ខាសាលាស្តីពី “ការរៀបចំទ្រឹស្ដីផែនការហាត់ហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ” ដល់គ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៥ ចំនួន ១៤០ នាក់ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងប្រធាកគណៈគ្រប់គ្រងវគ្គបានប្រាប់ឲ្យដឹងថា វគ្គសិក្ខាសាលាស្តីពី “ការរៀបចំទ្រឹស្ដីផែនការហាត់ហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ” ធ្វើឡើងដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍជំនាញគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ក្នុងការដឹកនាំបង្ហាត់ឈានទៅការអភិវឌ្ឍសមត្ថភាព បច្ចេកទេស និងបង្កើនគុណផលកីឡា ត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ីលើកទី៣ នៅប្រទេសបារ៉ែន និងការប្រកួតកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ និងការប្រកួតលក្ខណៈអន្ដរជាតិនានា។

ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានបន្តថា គោលបំណងនៃការរៀបចំវគ្គសិក្ខាសាលានេះឡើងគឺ ដើម្បីពង្រឹងបន្ថែមពីលើចំណេះដឹង និងចែករំលែកបទពិសោធន៍ ក្នុងការរៀបចំផែនការបង្ហាត់ ដល់កីឡាករ កីឡាការិនីជម្រើសជាតិ ទទួលបានគុណផលខ្ពស់ ឈានទៅរកការដណ្ដើម មេដាយពីការប្រកួតកីឡាយុវជនអាស៊ី និងប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ និង ប្រកួតកីឡាអន្តរជាតិនានា។ ក្នុងន័យនេះ ខ្ញុំសង្ឈឹមថា លោកគ្រូអ្នកគ្រូ និងទទួលបានចំណេះដឹង បទពិសោធន៍ថ្មី ទៅ ដឹកនាំបង្ហាត់ ក្រុមកីឡាជម្រើសជាតិ ទទួលបានជោគជ័យ នាំយកមេដាយជូនជាតិ៕



