ភ្នំពេញ ៖ បន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួត បាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League នៅខេត្តកំពង់ធំក្នុងខែមីនា និងខេត្តបន្ទាយ មានជ័យក្នុងខែមេសា ដោយតាមខេត្តនីមួយៗ មានវត្តមានកីឡាករចូលរួមសរុប ២៤០នាក់ មកពី ២០ ក្រុម និងកីឡាការនីសរុប ១២០នាក់ មកពី១០ក្រុម អង្គការផ្កាយសមុទ្រមានកិត្តិយសប្រកាសបិទ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំរាជធានីភ្នំពេញ ដោយជោគជ័យ ដែលការប្រកួតវិលជុំនេះ បានចាប់ផ្តើមកាលពីខែ មករាកាលពីដើមឆ្នាំកន្លងទៅ ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំរាជធានីភ្នំពេញបាន ទទួលស្វាគមន៍វត្តមានប្អូនៗ កីឡាករកីឡា ការិនីឆ្នើមៗ សរុប ៣០ក្រុម ដោយក្នុងនោះក្រុមបាល់ទាត់ ស្ត្រីមានចំនួន ២៩ក្រុម ហើយកីឡាករកីឡាការិនី សរុបមានចំនួនដល់ទៅជាង ១,៨០០នាក់ ។ ក្នុងមួយ រដូវកាលពេញ ប្អូនៗកីឡាករកីឡាការនីមានឱកាសអភិវឌ្ឍជំនាញបច្ចេកទេសបាល់ទាត់ និងក៏ដូចជា ជំនាញបំណិនជីវិតល្អៗ ជាច្រើន ខណៈដែលបានស្គាល់មិត្តភក្តិថ្មីៗ តាមរយៈការប្រកួតក្នុងបរិយាកាស ដ៏មានសុវត្ថិភាព និងពោរពេញ ដោយភាពកក់ក្តៅ តាមរយៈការផ្តល់កម្លាំងចិត្ត គ្នាទៅវិញទៅមក ។

លោក Greg Preston ជាប្រធានគ្រប់គ្រង កម្មវិធីបាល់ទាត់ របស់អង្គការផ្កាយសមុទ្របានបង្ហាញពី ចំណាប់អារម្មណ៍របស់លោកថា ការចូលរួមពីប្អូនៗ កីឡាករកីឡាការិនីជាង ១,៨០០នាក់ ជាពិសេស ប្អូនៗជាស្ត្រីចូលរួមប្រកួតយ៉ាងស្វិតស្វាញ បានសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ធំ របស់ពួកយើងក្នុងការ ជម្រុញកីឡា ដែលលើកកម្ពស់ការចូលរួម និងសាមគ្គីភាពក្នុងសហគមន៍ ។
ខណៈព្រឹត្តិការណ៍ បិទការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League នៅ រាជធានីភ្នំពេញ និងខេត្តទាំងពីរត្រូវបានបញ្ចប់ ពួកយើងកំពុងទន្ទឹងរង់ចាំការមកដល់ នៃព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ Grand Championship នឹងប្រព្រឹត្តទៅនៅ ខែកក្កដាខាងមុខ ការប្រកួតនេះ នឹងប្រមូលម្តុំក្រុមជើងខ្លាំង ដែលឈ្នះក្នុងការប្រកួតវិលជុំប្រចាំ រាជធានីភ្នំពេញ និងប្រចាំខេត្តកំពង់ធំ និងបន្ទាយមានជ័យ មកប្រកួតប្រជែងគ្នាធ្វើជាម្ចាស់ជើងឯក វគ្គផ្តាច់ព្រ័ត្រប្រចាំរដូវកាល២០២៥នេះ ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះគឺជានិមិត្តរូបនៃទេពកោសល្យ ការសហការគ្នាជាក្រុម និងការប្តេជ្ញាចិត្ត ។

សមិទ្ធិផលទាំងនេះមិនអាចកើតឡើងបានទេ ប្រសិនបើមិនមានការខិតខំប្រឹងប្រែង របស់គ្រូបង្វឹក អាជ្ញាកណ្តាល អាណាព្យាបាល និងអ្នកចូលរួមគាំទ្រលើកទឹកចិត្ត ដែលបានធ្វើឲ្យកម្មវិធីនេះអាច ដំណើរការទៅបានយ៉ាងរលូន ។ ពួកយើងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះដៃគូសហការ ជ្រោមជ្រែងដ៏យូរអង្វែង របស់ពួកយើងគឺក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ចំពោះកិច្ចគាំទ្រ ដល់ការរៀបចំព្រឹត្តិការណ៍ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League នេះឡើង និងជួយដល់បេសកកម្មរបស់យើងក្នុងការអភិវឌ្ឍវិស័យបាល់ទាត់ ទូទាំងប្រទេស ៕




