ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានបញ្ជូនគ្រូបង្វឹក និងកីឡាករ ស្ថិតក្រុមជម្រើសជាតិកម្ពុជាចំនួន ២ រូប ទៅចូលរួមបោះជំរំហ្វឹកហាត់ ប្រភេកីឡាទូកកានូស្ព្រីង និងចូលរួមប្រកួតកីឡា ទូកកានូស្ព្រីងជ្រើសរើសជើឯកអាស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្ត Rayong ប្រទេសថៃ ។

លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិ បានបញ្ជាក់ឲ្យដឹងថា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានបញ្ជូនគ្រូបង្វឹក និងកីឡាករស្ថិតក្រុមជម្រើសជាតិ កម្ពុជាចំនួន ២ រូបទៅចូលរួមបោះជំរំហ្វឹកហាត់ក្នុងរយៈពេលជាង ១៥ ថ្ងៃក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍជំនាញក្រុមកីឡា ជម្រើសជាតិកម្ពុជា សម្រាប់បង្កើនគុណផលកីឡា ត្រៀមខ្លួនការប្រកួត លក្ខណៈអន្ដរជាតិនានា ។

លោកគ្រូជំនួយក្រុមជម្រើសជាតិ បានបន្ថែមទៀតថា ការបោះជំរំហ្វឹកហាត់ លើកនេះ ក៏មានប្រកួតកីឡាទូកកានូ ស្ព្រីងជ្រើសរើសជើឯកអាស៊ីដែរ ហើយការប្រកួតនេះក៏ជាវាស់ស្ទង់សមត្ថភាព និងបច្ចេកទេស របស់កីឡាករទំាង២ រូប មុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ ៕
