រាជធានីភ្នំពេញ៖ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ «កីឡាបង្កើនបញ្ញាស្មារតី» នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ប្រតិភូកីឡា រាជធានី-ខេត្ត គ្រូបង្វឹក សិស្សានុសិស្ស និងកីឡាករ កីឡាការិនីដែលចូលរួមប្រកួត។

លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានប្រាប់ឲ្យដឹងថាការរៀបចំការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លើ១៤ប្រភេទ កីឡារួមមាន៖ បាល់ទាត់ បាល់ទះ បាល់បោះអត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៊ូល និងប៉េតង់ គុនល្បុក្កតោ ហែលទឹក វ៉ូវីណាម គុនដាវ និងចំបាប់ ដែលមានវិញ្ញាសា១២៤ នៅរាជធានីភ្នំពេញ ក្នុងនោះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចុះឈ្មោះចូលរួមមកពី២៥រាជធានី-ខេត្តសរុបចំនួន ៣៦២០នាក់។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីនេះឡើង ក្នុងគោលដៅប្រមូលផ្តុំក្មួយៗកីឡាករ កីឡាការិនី ដែលជាសិស្សសិក្សានៅមធ្យមសិក្សាទុតិយភូមិ និងបឋមភូមិ មានឱកាសបានចូលរួមប្រកួតប្រជែងសមត្ថភាព ចែករំលែកបទពិសោធ ភាពសប្បាយរីករាយ ពង្រឹងកាយសម្បទាមាំមួន បង្កើនកម្លាំងបញ្ញាស្មារតីឈ្លាសវៃ និងជៀសផុតពីអំពើអសកម្មផ្សេងៗនៅក្នុងសង្គម ស្របតាមទិសស្លោក “យុវជនម្នាក់លេងកីឡាមួយប្រភេទកីឡាប្រចាំជីវិត” និង “ប្រជាពលរដ្ឋម្នាក់ហាត់កីឡាមួយប្រភេទកីឡាប្រចាំជីវិត”ដែលត្រូវផ្តើមចេញពីការអនុវត្តកីឡាក្រៅម៉ោងសិក្សានៅក្នុងគ្រឹះស្ថានសិក្សាគ្រប់កម្រិត លើសពីនេះទៀតនោះ ឲ្យស្របទៅតាមលំនាំនៃការរៀបចំការប្រកួតកីឡាសិស្សមានលក្ខណៈជាហ្គេម (GAMES) ទៅនឹងការប្រកួតកីឡាសិស្សអាស៊ាន (ASEAN School Games)។

ដើម្បីបន្តជំរុញចលនា «យុវជនម្នាក់ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ក្រសួងបានបន្តរៀបចំទិវាកីឡាដើម្បីទាំងអស់គ្នា ទិវាកីឡាអាស៊ាន ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព និងទិវាជាតិអប់រំកាយ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការអប់រំកាយ និងលេងកីឡាក្នុងចំណោមមហាជនគ្រប់រូប និងនៅក្នុងក្របខណ្ឌកម្មវិធីសិក្សាអប់រំចំណេះទូទៅ និងអប់រំបច្ចេកទេស។ ក្រសួងក៏បានជំរុញគ្រឹះស្ថានសិក្សា អនុវត្តម៉ោងអប់រំកាយ និងកីឡា ២ម៉ោង ក្នុងមួយសប្តាហ៍ ព្រមទាំងបានរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា កីឡាជាតិ និងកីឡាជាតិជនមានពិការភាពថ្នាក់ជាតិ ដើម្បីជំរុញចលនា «យុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត» ឲ្យបានផុសផុលបន្ថែមទៀត។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីគោលការណ៍សំខាន់ៗមួយចំនួនរបស់ក្រសួង ដើម្បីលើកកម្ពស់អប់រំកាយ និងកីឡាតាមគ្រឹះស្ថានសិក្សា ដោយក្នុងនោះរួមមាន គ្រប់ភូមិសិក្សាទាំងអស់ ត្រូវយកចិត្តទុកដាក់ ពង្រឹងការអនុវត្តមុខវិជ្ជាអប់រំកាយ និងកីឡា ២ម៉ោងក្នុងមួយសប្តាហ៍ឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពខ្ពស់។ គ្រប់ភូមិសិក្សាទាំងអស់ ត្រូវគិតគូរជំរុញការកែលម្អទីធ្លាសាលាឲ្យមានបរិស្ថានស្អាត និងបង្កើត ទីលានកីឡា សម្រាប់ការអនុវត្តម៉ោងអប់រំកាយ និងកីឡា និងការលេងកីឡាក្រៅម៉ោងសិក្សា។ គ្រប់ភូមិសិក្សា និងគ្រឹះស្ថានសិក្សា ត្រូវជំរុញ និងលើកទឹកចិត្តឲ្យមានការបង្កើតក្លឹបកីឡាក្រៅម៉ោង សិក្សា បំផុសចលនា «យុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត»។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ដោយក្ដីរីករាយចំពោះប្រតិភូ កីឡាករ កីឡាការិនី គ្រូបង្វឹកទាំង២៥រាជធានី-ខេត្ត ដែលបានចូលរួមក្នុងការប្រកួតដ៏មានសារៈសំខាន់នេះ ព្រមទាំងបានលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ប្រកួតប្រជែងដោយស្មារតីកីឡា គោរពវិន័យ និងបង្ហាញនូវសាមគ្គីភាព ដើម្បីជាគំរូដ៏ល្អសម្រាប់យុវជនដទៃទៀត ដោយសង្ឃឹមយ៉ាងមុតមាំថា ការប្រកួតនេះនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើនមួយកម្រិតទៀត៕



ដោយ៖ លី ភីលីព
