ភ្នំពេញ៖ ខេត្តកណ្តាលឈរកំពូលតារាងលើប្រភេទកីឡាហែលទឹក ក្រោយពីខេត្តនេះដណ្តើមបានមេដាយមាស ៥ គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” កីឡាដើម្បីបង្កើនបញ្ញាស្មារតី” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ការប្រកួតនេះរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការបច្ចេកទេសជាមួយសហព័ន្ធខ្មែរហែលទឹក។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាហែលទឹក នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក តំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងអ្នកតំណាងរាជធានីខេត្តចំនួន ៧ ព្រមទំាងក្រុមកីឡាករ-កីឡាការិនី។ លោក នាង សូរិទ្ធិយ៉ា អគ្គលេខាធិការរងនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឡើងនូវព្រឹត្តិការណ៍ប្រកួតកីឡា “សិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ” ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ។

ក្នុងការរៀបចំនេះប្រភេទកីឡាហែលទឹកក៏ត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតចាប់ផ្តើមពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ ។ លោក អគ្គលេខាធិការរង បានបន្តថា ការប្រកួតកីឡាហែលមានរាជធានីខេត្តចំនួន ៧ រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តព្រៃវែងខេត្តស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ មានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន ៤៧នាក់ (ប្រុស ២៤នាក់ ស្រី ២៣នាក់) គ្រូបង្វឹក គ្រូជំនួយចំនួន ១០នាក់ នឹងមន្រ្តីគណៈកម្មការបច្ចេកទេសចំនួន ២៥នាក់ ចូលរួមដឹកនាំកាត់សេចក្តីក្នុងការប្រកួត ។

ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ គឺទទួលបានការឧបត្ថម្ភគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ។ អ្វីដែលសហព័ន្ធខ្មែរកីឡាហែលទឹក ផ្តោតសំខាន់ គឺឱកាសចូលរួមកីឡាករ កីឡាការិនីវ័យក្មេង ជាពិសេសសិស្សានុសិស្សសិក្សានៅតាមវិទ្យាល័យទូទាំងប្រទេសកម្ពុជា បានបណ្តុះបណ្តាលចេញពីសហព័ន្ធ និងតាមបណ្តាខេត្ត ។ ចំណែកលទ្ធផលបច្ចេកទេសយើងបានបោះជំហានទៅមុខជាបន្តបន្ទាប់ ជាគោលដៅដើម្បីឲ្យកីឡាហែលទឹកនៅប្រទេសកម្ពុជា មានការរីកចម្រើន យើងត្រូវចាប់ផ្តើមពីយុវជន-យុវតីទៅ ហើយអ្វីដែលជាក្តីសង្ឃឹមថា កីឡាករកីឡាការិនី ចូលរួមក្នុងការប្រកួតនេះអាចធ្វើឲ្យយើងជ្រើសរើសកីឡាករ កីឡាការិនីល្អៗ ត្រៀមចូលរួមជាមួយនឹងក្រុមជម្រើសជាតិកម្ពុជានាថ្ងៃអនាគត។ ខេត្តកណ្តាលដណ្តើមបានមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ភ្នំពេញដណ្តើមបានមេដាយមាស ៣ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខេត្តព្រៃវែងដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងខេត្តកំពង់ចាមដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៨ គ្រឿង។ រីឯខេត្តដណ្តើបាត់ដំបងមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តបន្ទាយមានជ័យដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង និងខេត្តស្ទឹងត្រែងមានជ័យដណ្តើមបានមេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង៕
ដោយ៖លី ភីលីព








