កីឡា

ខេត្តព្រះសីហនុ ខេត្តកណ្តាល និងភ្នំពេញ ឈ្នះមេដាយមាស ច្រើនជាងគេ លើប្រភេទកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡា សិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥

ភ្នំពេញ ៖ ខេត្តព្រះសីហនុដណ្តើមមេដាយមាសចំនួន ៦ គ្រឿង ខណៈខេត្តកណ្តាល និងភ្នំពេញ ឈ្នះមេដាយមាស ២ គ្រឿងដូចគ្នាលើប្រភេទ កីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា សិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” កីឡាដើម្បីបង្កើនបញ្ញាស្មារតី” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៥ ការប្រកួតនេះ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការ បច្ចេកទេសជាមួយ សហព័ន្ធកីឡាការ៉តកម្ពុជា ។

ក្នុងឱកាសពិធីបិទ ការប្រកួតកីឡាការ៉ាតេនៃព្រឹត្តិការណ៍ការប្រកួតកីឡា សិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ដែក ភារៈ អគ្គលេខាធិការរង តំណាងលោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហាត់កីឡាកាតកម្ពុជានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអ្នកតំណាងរាជធានីខេត្តចំនួន ១០ ព្រមទំាងក្រុម កីឡាករ-កីឡាការិនី ។

លោក ដែក ភារៈ បានប្រាប់ឲ្យដឹងថា ការប្រកួតប្រភេទកីឡាការ៉ាតេនៃការប្រកួតសិស្សមធ្យមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៥ រយៈពេល ៤ថ្ងៃកន្លងមកនេះ ដែលនាយកដ្ឋាន គ្រប់គ្រង ព្រឹត្តិការណ៍ និងស្ថិតិកីឡា នៃអគ្គនាយកដ្ឋានកីឡា ក្រសួង អប់រំ យុវជន និងកីឡា សហការណ៍ជាមួយ សហព័ន្ធកីឡា ការ៉ាតេកម្ពុជា បានរៀបចំប្រកួតកីឡាការ៉ាតេ ជ្រើសរើស ជើងឯក សិស្សមធ្យមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី០៦-០៩ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈ មណ្ឌលជាតិ ហ្វឹកហ្វឺន កីឡាការ៉ាតេកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សហព័ន្ធកីឡាការ៉ាតេ កម្ពុជា ក្រោមការដឹកនាំ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា មានកីឡាករ កីឡាការិនីមានការរីកចម្រើនយ៉ាងខ្លាំង ជាក់ស្ដែងណាពេលថ្មីៗកន្លងមកនេះ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ចូន កីឡាករ កីឡាការិនីទៅចូលរួមប្រកួតកីឡាអេស៊ានហ្គេម ឆ្នាំ២០២៣ នៅទីក្រុងហាងចូវ ប្រទេសប្រទេសចិន កីឡាការិនីការ៉ាតេកម្ពុជា ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង និងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ សហព័ន្ធកីឡាការ៉ាត់កម្ពុជា នឹងបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ លើកទី១២ ចាប់ពីថ្ងៃទី១៥ – ២០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីត្រៀមលក្ខណៈទៅចូលរួមប្រកួត កីឡា ស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ និងការប្រកួតជាលក្ខណៈអន្តរជាតិ នានា ។

អគ្គលេខាធិការរងបានបន្តថា ចំពោះការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯក សិស្សមធ្យមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៦- ០៩ ខែមិថុនា ឆ្នាំ២០២៥ ដែលរៀបចំដោយនាយកដ្ឋានគ្រប់គ្រងព្រឹត្តិការណ៍ និងស្ថិតិកីឡានៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានទទួលពាក្យចូលរួមប្រកួតចំនួន ១០រាជធានី ខេត្ត មានកីឡាករចំនួន ៤៣នាក់ កីឡាការិនីចំនួន ៣៨នាក់ គ្រូបង្វឹក និងគ្រូជំនួយ ចំនួន ២០។

ជាលទ្ធផលខេត្តព្រះសីហនុដណ្តើមមេដាយមាស ៦ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ភ្នំពេញដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខេត្តកណ្តាលដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ខេត្តកំពត់ដណ្តើមបានមេដាយប្រាក់ ២ គ្រឿង ខេត្តស្ទឹងត្រែងដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង៕
ដោយ៖លី ភីលីព

Most Popular

To Top