កីឡា

ខេត្តរតនគិរីដណ្តើមមេដាយមាស ៤ គ្រឿងលើប្រភេទកីឡាតេក្វាន់ដូ ITF ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥

ភ្នំពេញ៖ ខេត្តរតនគិរីដណ្តើមមេដាយមាស ៤ គ្រឿងជាងគេក្នុងចំណោម ៩ រាជធានីខេត្តចូលរួមក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” កីឡាដើម្បីបង្កើនបញ្ញាស្មារតី” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៥ នៅការប្រកួតនៅអាគារសហភាពសហព័ន្ធយុនជនកម្ពុជា រាជធានីភ្នំពេញ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។

ក្នុងឱកាសពិធីបិទប្រភេទកីឡាតេក្វាន់ដូ ITF ក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ទេសរដ្ឋមន្ត្រី កែវ រេមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF លោក បួន លឹមហេង ប្រធានកិត្តិយសសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ព្រមទំាងតំណាងមន្ទីរអប់រំកាយ និងកីឡាទំាង៨ នៅអាគារស.ស.យ.ក ភ្នំពេញ។

លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា បានប្រាប់ឲ្យដឹងថា យោងតាមលិខិតលេខ ៧៥ អយក.រពសក របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ស្តីពីផែនការប្រចាំឆ្នាំ របស់នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ក្នុងការរៀបចំការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ មានចំនួន ១៤ ប្រភេទកីឡាដូចជាកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាវាយកូនឃ្លីលើតុ កីឡាវាយសី កីឡាហែលទឹក កីឡាតេក្វាន់-ដូ ITF កីឡាតេក្វាន់ដូ WT កីឡាប៉េតង់ កីឡាការ៉ាតេ កីឡាវូវីណាម កីឡាចំបាប់ និងកីឡាគុនល្បុកត្តោ ។

ដោយឡែកប្រភេទកីឡាតេក្វាន់-ដូ ITF មានចំនួន០៩ រាជធានី ខេត្ត ចូលរួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តរតនគីរី ខេត្តកោះកុង និងរាជធានីភ្នំពេញ ដែលមានប្រតិភូកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន ១២៤ នាក់ ក្នុងនោះគ្រូបង្វឹកចំនួន ១៨ នាក់ កីឡាករចំនួន ៥៥ នាក់ និងកីឡាការិនីចំនួន ៥១ នាក់ បើគិតជាភាគរយសម្រាប់ការប្រកួតជ្រើសរើសជើងឯកសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ នេះមានការកើនឡើងគិតជាភាគរយសម្រាប់កីឡាការិនីគឺកើនឡើងចំនួន៩២.៧៣ភាគរយ នេះបញ្ជាក់ពីកំណើននៃការចូលរួមរបស់កីឡាការិនីក្នុងវិស័យកីឡា។ សម្រាប់វិញ្ញាសាដាក់ឲ្យកីឡាករ កីឡាការិនី ប្រកួតប្រជែងដណ្តើមមេដាយសម្រាប់រាជធានី ខេត្តដែលខ្លួនតំណាងសរុបចំនួន១២ ។

លោកអគ្គលេខាធិការបានបន្តថា ដោយទទួលបានការបណ្តុះបណ្តាល វគ្គចៅក្រម អាជ្ញាកណ្តាល ជាច្រើនដងរួមទាំងការបើកវគ្គបំប៉នកាលពីថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះពីអនុប្រធានគណៈកម្មការអាជ្ញាកណ្តាល របស់សហព័ន្ធអាស៊ី បានធ្វើឱ្យការដឹកនាំការប្រកួតនៅលើទីលានកាន់មានតម្លាភាព និងសុក្រិត្យភាពដោយឈរលើគោលការណ៍ច្បាប់នៃការប្រកួតដែលទើបធ្វើបច្ចុប្បន្នភាពថ្មីៗ អាចធ្វើឲ្យគុណភាពនៃការកាត់សេចក្តីទទួលបាននូវភាពយុត្តិធម៌ដល់គ្រប់ភាគីចូលរួមប្រកួត និងមានសមត្ថភាពទទួលរៀបចំ និងដឹកនាំការប្រកួតសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅពេលខាងមុខជាចៅក្រម-អាជ្ញាកណ្តាលអន្តរជាតិ
ឆ្លងតាមការប្រកួតកីឡាករ-កីឡាការិនីខិតខំប្រឹងប្រែងប្រកួតដោយឈរលើស្មារតីកីឡា និងអនុវត្តបទបញ្ជាការប្រកួត ច្បាប់ល្បែងបានត្រឹមត្រូវនិងមានក្រមសីលធម៌ ។

សង្កេតឃើញសន្ទុះនៃការចូលរួមរបស់កីឡាការិនីសម្រាប់ឆ្នាំនេះកើនចំនួន ៩២.៧៣ភាគរយ និងការប្រកួតជ្រើសរើសជើងឯកសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ នេះជាផ្នែកមួយនៃការត្រៀមខ្លួនឬជាកម្ដៅសាច់ដុំដើម្បីត្រៀមប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខផងដែរ។

ការប្រកួតនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការដុសខាត់ និងអភិវឌ្ឍសមត្ថភាពក៍ដូចជាការផ្តល់ដល់កីឡាករ កីឡាការិនីជាសិស្សសាលាមានឱកាសក្នុងបញ្ចេញសមត្ថភាពរបស់ខ្លួនដែលប្រឹងប្រែងហ្វឹកហាត់កន្លងមក ដើម្បីប្រជែងដណ្តើមមេដាយជូនរាជធានី ខេត្តរបស់ខ្លួន និងជាឱកាសជ្រើសរើសនូវកីឡាករ កីឡាការិនី ដែមានបច្ចេកទេសខ្ពស់ មានទេពកោសល្យ និងមានសមត្ថភាព មានស្មារតីអង្គអាចក្លាហានអាចទៅចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ ពិសេសការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅចុងខែមិថុនា នេះ។

ខេត្តរតនគិរីដណ្តើមមេដាយមាស ៤ គ្រឿង ខេត្តកំពង់ស្ពឺដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខេត្តស្ទឹងត្រែងដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ខេត្តបន្ទាយមានជ័យដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ២ និងខេត្តត្បូងឃ្មុំដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង៕

ដោយ៖ លី ភីលីព

Most Popular

To Top