ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ នៃគណៈកម្មា ធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតរត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ កំពុងទាក់ទាញការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសាធារណជន ក្រុមហ៊ុន អង្គភាពនានា និងអ្នកស្រឡាញ់កីឡារត់ ។ មូលហេតុ នៃការរៀបចំព្រឹត្តិការណ៍ ដ៏សំខាន់នេះមានគោលបំណង ចម្បងចំនួនបី ដែលបង្ហាញពីការរួមបញ្ចូលគ្នា រវាងព្រះរាជពិធីអបអរសាទរ ប្រពៃណីសង្គម និងអភិវឌ្ឍន៍កាយសម្បទា ។

លោក វ៉ាត់ ចំរើន បានបន្តថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងជាថ្មីនៅរៀងរាល់ឆ្នាំ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គឺជាការបង្ហាញពីការគោរព និង ស្មោះត្រង់របស់ប្រជាពលរដ្ឋខ្មែរដល់ព្រះអង្គ ។ គ្រប់ប្រាក់ចំណូល ដែលទទួលបានពីការចុះឈ្មោះ និងការឧបត្ថម្ភ ពុំមែនសម្រាប់រកចំណេញទេ តែត្រូវបានប្រើសម្រាប់ការរៀបចំព្រឹត្តិការណ៍ និងឧបត្ថម្ភទៅមន្ទីរពេទ្យកុមារ គន្ធបុប្ផា។ វារំលេចពីការរួមចំណែករបស់សង្គមក្នុងការជួយជ្រោមជ្រែងជីវិតកុមារ និងកសាងសង្គមមនុស្សធម៌ ។

លោក រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះស្ថិតក្រោមការរៀបចំយ៉ាងម៉ត់ចត់ ដោយសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ចំនួនអ្នកចូលរួមគឺជិត ៥០០០ នាក់ហើយ តែមានការរំពឹងថានឹងកើនច្រើនជាងនេះទៀត នៅថ្ងៃប្រកួតដល់ជិតមក ។

លោក សែម ផល្លា អ្នករៀបចំព្រឹត្តិការណ៍រត់ម៉ាតុង នៅកម្ពុជា បានឲ្យដឹងថា លើសពីគោលបំណងខាងលើ ព្រឹត្តិការណ៍នេះផ្ដោតលើការលើកកម្ពស់ជីវិតមានសុខភាពល្អ។ មនុស្សគ្រប់រូបគ្រប់វ័យ ទាំងជនជាតិ និងជនបរទេស អាចចូលរួមជាសកម្មក្នុងការរត់តាមចម្ងាយដែលសមរម្យនឹងសមត្ថភាពខ្លួនរួមមាន ចម្ងាយ ២១ គីឡូម៉ែត្រ ចម្ងាយ ១០ គីឡូម៉ែត្រ ចម្ងាយ ៥ គីឡូម៉ែត្រ និងចម្ងាយ ២ គីឡូម៉ែត្រ ។

លោកបានបន្តថា បន្ទាប់ពីធ្វើឡើងជារឿយៗ នៅមុខព្រះបរមរាជវាំង ព្រឹត្តិការណ៍ឆ្នាំនេះ ត្រូវបានផ្លាស់ប្តូរទីតាំង ទៅឧទ្យានមុខវត្តបទុម។ ផ្លូវរត់ក៏ត្រូវបានកែសម្រួលបន្តិចបន្តួច ដើម្បីសម្របសម្រួលតាមប្រភេទវិញ្ញាសា និងការអភិវឌ្ឍន៍ទីក្រុង។ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ មិនមែនជាការប្រកួតដើម្បីឈ្នះ ចាញ់ទេ ប៉ុន្តែជាសកម្មភាពរួមបញ្ចូលគ្នា ដើម្បីបង្កើតសង្គមមានសុខភាព ស្មារតីអភិវឌ្ឍន៍ និងជាចំណែកក្នុងការងារមនុស្សធម៌ ៕


