កីឡា

មិត្តស្រីរបស់លោក Neymar បានប្រកាសជាផ្លូវការថា នាងបានរៀបការជាមួយលោក Neymar រួចហើយ

VN Express

ប្រេស៊ីល៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាម៉ូដែលនាង Bruna Biancardi ដែលជាមិត្តស្រីមានផ្ទៃពោះរបស់កីឡាករបាល់ទាត់ឆ្នើមប្រេស៊ីល លោក Neymar បានបង្ហើយឲ្យដឹងក្នុងអំឡុងពេល Q&A ជាមួយអ្នកគាំទ្រថា អ្នកទាំង ២ នាក់បានរៀបការជាមួយរួចហើយនៅលើក្រដាសមួយសន្លឹក។

សម្រាប់បណ្តាញសង្គម Instagram ជាមួយអ្នកតាមដានជិត ១៤ លាននាក់របស់នាងកាលពីថ្ងៃទី ៧ ខែមិថុនា នាង Biancardi ជាតារាបង្ហាញម៉ូដ និងជាអ្នកបង្កើតមាតិកា ត្រូវបានគេសួរនៅពេលនាង និងលោក Neymar មានគម្រោងរៀបការ។ នាងបានឆ្លើយថា យើងបានរៀបការរួចហើយនៅលើក្រដាស ដែលជំរុញឲ្យមានការចាប់អារម្មណ៍ជាថ្មី ចំពោះស្ថានភាពទំនាក់ទំនងរបស់គូស្នេហ៍។

សេចក្តីថ្លែងការណ៍របស់នាងបានកើតឡើង ៣ ខែ បន្ទាប់ពីលោក Neymar បានបដិសេធជាសាធារណៈ នូវពាក្យចចាមអារ៉ាមអំពីអាពាហ៍ពិពាហ៍របស់ពួកគេ។ នៅពេលនោះ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបានប៉ាន់ស្មានថា ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំកំពុងរៀបចំផែនការរៀបការជាមួយនាង Biancardi អំឡុងពេលដែលលោកត្រឡប់មកលេងឲ្យ Santos ជាក្លឹបកុមារភាពរបស់លោក។

កាលពីមុន Neymar បានច្រានចោលការអះអាង ក្នុងបទសម្ភាសន៍មួយដោយនិយាយថា មិនទាន់មានគម្រោងអ្វីនៅឡើយទេ។ ប្រាប់ខ្ញុំអំពីកាលបរិច្ឆេទ ដូច្នេះខ្ញុំអាចត្រៀមខ្លួនបានយ៉ាងហោចណាស់។

នេះបើតាមសារព័ត៌មាន Daily Mail បាននិយាយថា បើទោះបីជា Neymar បានហៅ Biancardi ជាញឹកញាប់ថា ជាភរិយារបស់លោកក្នុងបទសម្ភាសន៍ក៏ដោយ ក៏គូស្នេហ៍មួយគូនេះមិនដែលបាន ប្រកាសអាពាហ៍ពិពាហ៍ជាផ្លូវការនោះទេ៕

Most Popular

To Top