ភ្នំពេញ ៖ ខេត្តព្រៃវែង ដណ្តើមបានមេដាយមាស ២ គ្រឿងលើប្រភេទកីឡាតេក្វាន់ដូ WT ក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យម សិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” កីឡាដើម្បីបង្កើនបញ្ញាស្មារតី” ដែលប្រព្រឹត្ត ទៅ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ នៅទីលានហ្វឹកហាត់ អាគារប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក ការប្រកួតរៀបចំ ដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសហការបច្ចេកទេស ជាមួយខេមរសហព័ន្ធកីឡាតេក្វាន់ដូ ។

ចំពោះវិញ្ញាសាមេគុនកុមារា មេដាយមាសបានទៅលើកីឡាករ ម៉ន ពិសិដ្ឋ ភ្នំពេញ មេដាយប្រាក់បានទៅលើកីឡាករ កីឡាករ ឃុន ប៊ុនគា ខេត្តសៀមរាប និងមេដាយសំរិទ្ធបានទៅលើកីឡាករ សារ៉េត តារា ខេត្តប៉ៃលិន ។ វិញ្ញាសាមេគុនកុមារីមេដាយមាសបានទៅលើកីឡាការិនី អាន សៀងហៃ ខេត្តព្រៃវែង មេដាយប្រាក់បានទៅលើកីឡាការិនី ហ៊ាប ធីយ៉ានីត ខេត្តសៀមរាប និងមេដាយសំរិទ្ធបានទៅលើកីឡាការិនី អ៊ុន មុន្នីបញ្ចពេជ្រ ខេត្តបាត់ដំបង។

រីឯវិញ្ញាសាមេគុនគូវិញមេដាយមាស បានទៅលើខេត្តព្រៃវែង មេដាយប្រាក់បានទៅលើ ខេត្តសៀបរាម និងមេដាយសំរិទ្ធ បានទៅលើខេត្តបាត់ដំបង ។ ការប្រកួត ខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំឡើងដើម្បីពងឹ្រងសមត្ថភាព និង បច្ចេកទេសកីឡាករ-កីឡាករ និងស្វែង រកកីឡាករ-កីឡាករឆ្នើមវ័យក្មេងតទៅក្នុងការត្រៀមខ្លូនចូលរួមព្រឹត្តិការណ៍កម្រិតអន្តរជាតិនានា៕
ដោយ៖លី ភីលីព

