ភ្នំពេញ៖ ខេត្តកណ្តាល ដណ្តើមបានមេដាយមាស ៣ គ្រឿង លើប្រភេទកីឡាវាយសី ក្នុងព្រឹត្តិការណ៍កីឡា សិស្សមធ្យមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” កីឡាដើម្បីបង្កើនបញ្ញាស្មារតី” លើប្រភេទកីឡាវាយសី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ នៅទីលានហ្វឹកហាត់សហព័ន្ធកីឡាវាយសីកម្ពុជា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការ បច្ចេកទេសជាមួយ សហព័ន្ធកីឡាវាយសីកម្ពុជា ។

ក្នុងឱកាសពិធីបិទប្រភេទកីឡាវាយសី នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាភ និងជា ប្រធានសហព័ន្ធកឡាវាយសីកម្ពុជា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងសិ្ថតិកីឡានៃក្រសួងអប់រំ យុវជន និងកីឡា នៅទីលានកីឡាវាយសីរបស់សហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ខេត្តកណ្តាល ដណ្តើមបានមេដាយមាស ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ភ្នំពេញដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ខេត្តព្រៃវែង ដណ្តើមបានមេដាយមាស ១ គ្រឿង និងខេត្តបន្ទាយមានជ័យដណ្តើមបាន មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។

លោក លី កុសល បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ប្រភេទកីឡាវាយសីនេះ គឺជាការផ្តល់ឱកាស ដល់កីឡាករ កីឡាការិនីម្នាក់ៗ បានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់គុណផលបច្ចេកទេសដែល បានហ្វឹកហាត់កន្លងមកដើម្បីប្រកួតប្រជែងគ្នា និងរឹតចំណងមិត្តភាព សាមគ្គីភាពជាតិ។ ជាពិសេសផ្តោតលើការពង្រឹងគុណ ភាព សមត្ថភាពបច្ចេកទេសកីឡាករថ្នាលរបស់កម្ពុជា ដើម្បីត្រៀមចូលរួមការប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ ។

ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះប្រតិភូកីឡាទាំងអស់ ដែលបានបញ្ជូនអត្តពលិក របស់ខ្លួនមកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតប្រកបដោយការគោរពតាមបទបញ្ហាបច្ចេកទេស និងឈរលើស្មារតីទទួល ខុសត្រូវខ្ពស់ ដោយមិនគិតតែពីការយកឈ្នះ-ចាញ់គ្នា ពោលគឺឈរលើគោលការណ៍(Fairplay កីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស ស្របតាមពាក្យស្លោក “កីឡាដើម្បី សុខភាពសិក្សា”។
លោកប្រធានបន្តថា ក្រោយបញ្ចប់ការប្រកួតលទ្ធផលបានបង្ហាញឱ្យឃើញថា កីឡាករ កីឡាការិនីដែលទទួលបាន ជ័យលាភីពិតជាមានទេពកោសល្យ និងសមត្ថភាពខ្ពស់ពិតប្រាកដមែន។ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ហើយសូមចូលរួមអបអរសាទរ និងសង្ឃឹមថាការប្រកួតលើកក្រោយនៅតែរក្សាតំណែង ជ័យលាភីរបស់ខ្លួនបានដដែល ។ ចំពោះអ្នកដែលប្រកួតចាញ់ ខ្ញុំគិតថា អ្នកទាំងអស់គ្នាមិនត្រូវអស់សង្ឃឹមឡើយ ត្រូវយកមេរៀន នៃការប្រកួតចាញ់នេះ ប្រែក្លាយទៅជាកំហឹងឈឺចាប់ ប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងក្លា ដើម្បីបង្កើន សមត្ថភាព និងទេពកោសល្យ ប្រកួតយកជ័យជំនះ នៅលើកក្រោយទៀត ។

សូមកោតសរសើរ ចំពោះចៅក្រម អាជ្ញាកណ្ដាលទាំងអស់ ដែលខិតខំបំពេញការងាររបស់ខ្លួនបាន សមស្រប ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ កាត់ក្តីបានត្រឹមត្រូវមិនលំអៀង និងសូមអរគុណដល់ កីឡាករ កីឡាការិនីដែលបានចូលរួមប្រកួតប្រកបដោយភាពយុត្តិធម៌ (Fair play) មានអត្តចរិត អាកប្បកិរិយា និងសីលធម៌ល្អ គោរពពិន័យ និងបទបញ្ហានៃការប្រកួតបានត្រឹមត្រូវ ។

គ្រូបង្វឹក និងក្រុមកីឡាករ- កីឡាករវាយសីមកពីរាជធានីខេត្តចំនួន ១៤ មានចំនួន ១៥៤ នាក់ ក្នុងនោះក្រុមកីឡាករ- កីឡាករចំនួន ១១៩ នាក់ និងគ្រូបង្វឹក ៣៥ នាក់ ដូចជា ភ្នំពេញ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ ៕
ដោយ៖លី ភីលីព

