រាជធានីភ្នំពេញ៖ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបេសកកម្មពិសេសនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ «កីឡាបង្កើនបញ្ញាស្មារតី» ដែលមានប្រតិភូកីឡាមកពី ២៥រាជធានី ខេត្តចំនួនប្រមាណ៣៦២០នាក់ លើ១៤ប្រភេទកីឡា និង១២៤វិញ្ញាសា ជួបប្រកួតគ្នា អស់រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត អង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ប្រតិភូកីឡារាជធានី ខេត្តបានសហការរៀបចំការប្រកួតនេះឲ្យប្រព្រឹត្តទៅដោយរលូនទៅតាមការគ្រោងទុក ប្រកបដោយភាពជោគជ័យ និងបរិយាកាសសប្បាយរីករាយ និងសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីទាំងអស់ បានខិតខំប្រឹងប្រែងក្នុងការចូលរួមប្រកួតដោយ គោរពបាននូវបទបញ្ជានៃការប្រកួត និងទទួលបានលទ្ធផលល្អប្រសើរ និងសូមថ្លែងអំណរគុណ និងកោត សរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ ដបានដឹកនាំ កាត់សេចក្តី ការប្រកួតស្របតាម គោលការណ៍បច្ចេកទេស ប្រកបដោយយុត្តិធម៌ និងតម្លាភាព រកឃើញនូវអត្តពលិកជ័យលាភីឆ្នើមដែល ទទួលបានជ័យលាភីនៃការប្រកួតនៅពេលនេះ ។

លោកបានបន្តថា ការងារអប់រំកាយនិងកីឡាជាសមាសភាគមួយនៃវិស័យអប់រំ ដែលជាមធ្យោបាយហាត់ពត់រាងកាយ និងបញ្ញាស្មារតីរបស់សិស្ស និស្សិត ឱ្យមានការលូតលាស់ល្អ រក្សាកម្លាំងពលំមាំមួននិងមានសុខភាពល្អ ជួយកសាង ធនធានមនុស្សឱ្យក្លាយជាពលរដ្ឋល្អ រួមចំណែកកសាង និងការពារជាតិមាតុភូមិ។ វិស័យអប់រំកាយ និងកីឡា បានរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពសិស្ស និស្សិត ប្រជាជនគ្រប់រូប ហើយទទួលបាននូវការចាប់អារម្មណ៍ចូលរួមគាំទ្រយ៉ាងច្រើនពីយុវជន ជាពិសេស លទ្ធផល នៃការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិមានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរសាទរ ពីមហាជន និងរាជរដ្ឋាភិបាល កាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម ជាអាទិ៍ការប្រើប្រាស់គ្រឿងញៀន។ ដើម្បីរៀបចំអត្តពលិកវ័យក្មេងសម្រាប់ការប្រកួតកីឡាយុវជនអាស៊ីលើកទី៤(AYG) នៅឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធកីឡា ក្រសួងអប់រំ យុវជន និងកីឡា។

ចំពោះលទ្ធផលវិញ រាជធានីភ្នំពេញដណ្តើមបានមេដាយច្រើនជាងគេ គឺមេដាយមាស ២១ គ្រឿង មេដាយប្រាក់១៥ គ្រឿង និងមេដាយសំរិទ្ធ ១១ គ្រឿង ខណៈខេត្តកណ្តាលជាប់ចំណាត់ថ្នាក់លេខ ២ ដណ្តើមបានមេដាយមាស ១៦ គ្រឿង មេដាយប្រាក់ ៨ គ្រឿង និងមេដាយសំរិទ្ធ ១៩ គ្រឿង ខេត្តព្រះសីហនុ ដណ្តើមបានមេដាយមាស៩ គ្រឿង មេដាយប្រាក់៥ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ខេត្តស្ទឹងត្រែងដណ្តើមបានមេដាយមាស ៧ គ្រឿង មេដាយប្រាក់១១ គ្រឿង និងមេដាយសំរិទ្ធ១៤ គ្រឿង ខេត្តបាត់ដំបងដណ្តើមបានមេដាយមាស ៧ គ្រឿង មេដាយ ប្រាក់ ៩ គ្រឿង និងមេដាយសំរិទ្ធ ១០ គ្រឿង និងខេត្តព្រៃវែងដណ្តើមបានមេដាយមាស ៧ គ្រឿង មេដាយប្រាក់៥ គ្រឿង និងមេដាយសំរិទ្ធ ១០ គ្រឿង៕








ដោយ៖លី ភីលីព
