ចិន៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីបានរាយការណ៍ថា បន្ទាប់ពីចែកផ្លូវជាមួយគ្រូបង្វឹកលោក Branko Ivankovic ក្រុមបាល់ទាត់ជម្រើសជាតិចិនកំពុងពិចារណាអ្នកចាត់ការកូរ៉េខាងត្បូង លោក Shin Tae-yong អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតឥណ្ឌូនេស៊ី ជាជម្រើសសម្រាប់តំណែងគ្រូបង្វឹក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
បន្ទាប់ពីការធ្លាក់ចេញរបស់ប្រទេសចិនក្នុងជុំទី ៣ នៃវគ្គជម្រុះព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់កម្រិតពិភពលោក ឆ្នាំ២០២៦ “World Cup 2026” សមាគមបាល់ទាត់ចិន (CFA) បានលុបចោលកិច្ចសន្យារបស់លោក Ivankovic ។
យោងតាមសារព័ត៌មាន CNN Indonesia CFA មើលឃើញថា លោក Shin ជាបេក្ខភាពមួយរូបសម្រាប់តំណែងគ្រូបង្វឹក។ ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានឈានដល់លោក Shin ត្រូវបានគេរំពឹងថានឹងចូលដឹកនាំក្រុមជម្រើសជាតិចិនក្នុងខែកក្កដា និងដឹកនាំពួកគេនៃការប្រកួត East Asian Cup ដែលមានប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងហុងកុង។
នេះបើយោងតាមលោក Chosun ថា ទោះជាយ៉ាងណាក៏ដោយ តំណាងរបស់ Shin បានបញ្ជាក់ថា មិនមានសំណើជាក់លាក់ណាមួយត្រូវបានធ្វើឡើងនោះទេ។ ខណៈអ្នកតំណាងរូបនេះបាននិយាយថា ផ្ទុយទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ី យើងមិនបានទទួលសំណើរ ឬការទំនាក់ទំនងណាមួយពីសមាគមបាល់ទាត់ចិនទេ។
បច្ចុប្បន្នគ្រូបង្វឹកលោក Shin កំពុងធ្វើសកម្មភាពផ្សេងៗ រួមទាំងតួនាទីជាអនុប្រធាននៅសមាគមបាល់ទាត់កូរ៉េ និងតួនាទីជាអគ្គនាយកមិនពេញម៉ោងនៅ Seongnam FC។ ចាំបាច់ត្រូវមានសំណើរពីភាគីចិនសម្រាប់ការពិភាក្សាណាមួយកើតឡើង ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានចលនាណាមួយនៅចំពោះមុខនោះទេ។
លោក Shin ត្រូវបានសមាគមបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បណ្តេញចេញកាលពីដើមខែមករា ដោយបើកផ្លូវឲ្យគ្រូបង្វឹកសញ្ជាតិហូឡង់ Patrick Kluivert។ បើទោះជាគាត់ចាកចេញក៏ដោយ Shin នៅតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសមត្ថភាពគ្រូបង្វឹករបស់គាត់។ គួរកត់សម្គាល់ថាគាត់បានដឹកនាំកូរ៉េខាងត្បូងឈ្នះ ២-០ លើអាល្លឺម៉ង់ក្នុងវគ្គចែកពូលនៃ FIFA World Cup 2018 ។
ក្នុងពេលដឹកនាំប្រទេសឥណ្ឌូនេស៊ី លោក Shin ក៏បានសម្រេចបាននូវសមិទ្ធិផលជាប្រវត្តិសាស្ត្រ រួមទាំងការឆ្លងផុតវគ្គចែកពូលនៃព្រឹត្តិការណ៍ Asian Cup 2023 ឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U23 Asian Cup 2024 និងដឹកនាំក្រុមទៅកាន់ជុំទី 3 នៃការប្រកួតជម្រុះ World Cup 2026 ៕
